(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល នៅតែបន្ដបណ្ដុះបណ្ដាល និងពង្រឹងក្រុមមន្ដ្រីឆ្លើយតបរហ័សប្រមាណ៤-៥ម៉ឺននាក់ សម្រាប់ត្រៀមឆ្លើយតបទៅនឹងជំងឺកូវីដ១៩ (COVID-19) ទោះបច្ចុប្បន្ន ស្ថានភាពជំងឺនេះនៅស្រួចស្រាលនៅឡើយនៅកម្ពុជា។
លោកស្រីរដ្ឋលេខាធិការ ថ្លែងបន្ដថា «យើងនៅតែត្រៀមលក្ខណៈសម្បត្ដិជាប់ជានិច្ច ដោយមិនបានដកថយឡើយ ព្រោះជំងឺកូវីដ១៩នេះ ជាជំងឺឆ្លងមួយដ៏កាចសាហាវបំផុត ដែលអាចកើតមានគ្រប់ពេល បើមិនទាន់មានវ៉ាក់សាំងការពារនោះ»។
ដោយចំនុចផុយស្រួយនៃជំងឺកូវីដ១៩នេះហើយ ទើបក្រសួងសុខាភិបាល ព្រួយបារម្ដខ្ពស់ពីការឆ្លងរាតត្បាតជាលក្ខណៈសហគមន៍ ដែលរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តែងតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្ដអនុវត្ដន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងវិធានការការពាររបស់ក្រសួងសុខាភិបាល។
ការថ្លែងបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងលើកទី៣ លើការងារឆ្លើយតបការរាតត្បាតនៃជំងឺ COVID-19 នាទីស្ដីការក្រសួង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) បានលើកយកនូវផែនការយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ និងត្រៀមនូវសម្ភារបរិក្ខារពេទ្យឱ្យគ្រប់គ្រាន់ជានិច្ច ដោយបច្ចុប្បន្ន មានម៉ាសចំនួន១១លានម៉ាស, ម៉ាសN95 ចំនួន៥០ម៉ឺន (បច្ចុប្បន្នមានជាង៣០ម៉ឺនម៉ាសហើយ), សម្លៀកបំពាក់សុវត្ថិភាពររបស់មន្ដ្រីសុខាភិបាល៥ពាន់សម្រាប់ និងមុងភួយកន្ទេលខ្នើយ សម្រាប់ អ្នកជំងឺមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
លើសពីនោះ «បើសិនជាមានការរាតត្បាតនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដ៏ធ្ងន់ធ្ងរបំផុត រហូតដល់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះ កម្លាំងពេទ្យរបស់បច្ចុប្បន្នចំនួន៦ពាន់នាក់ គឺមិនគ្រប់គ្រាន់នោះឡើយ យើងនឹងអាចបញ្ចេញកម្លាំងយ៉ាងហោចក៏ជាង១ម៉ឺននាក់ សម្រាប់កម្លាំងពេទ្យនៅក្នុងក្រសួងសុខាភិបាល កម្លាំងយោធា៥ពាន់ នាក់ និងប៉ូលីសរាប់ពាន់នាក់ទៀត ដែលសរុបទូទំាងប្រទេសប្រមាណ ៤-៥ម៉ឺននាក់ ដែលបានបណ្ដុះបណ្ដាល នឹងរួមគ្នាប្រយុទ្ធ»។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្ដិ បានបញ្ជាក់បន្ថែមថា «ការបណ្ដុះបណ្ដាល យើងបានចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ទាំងខាងគ្រូពេទ្យស្ម័គ្រចិត្ដរបស់សម្ដេចតេជោ ចំនួន ៤២២នាក់, មន្ដ្រីឆ្លើយតបរហ័សនៅតាមស្រុក និងកម្លាំងប្រដាប់អាវុធផងដែរ»។
ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បានទទូចដល់ប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នខ្ពស់ កុំទាន់ភ្លេចខ្លួនជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវ គ្នាថ្នាំព្យាបាលមួយនេះ គឺត្រូវរក្សាគម្លាតពីគ្នា កុំឱ្យមានការជួបជុំទ្រង់ទ្រាយធំលើសពី១០នាក់ ត្រូវសម្អាតដៃ និងអនាម័យខ្លួនប្រាណ ។បើមានរោគសញ្ញាសង្ស័យ ត្រូវទាក់ទងទៅលេខ ១១៥ ឬទៅកាន់មូលដ្ឋានសុខាភិបាលដែលជិតផ្ទះលោកអ្នក។
សម្រាប់អ្នកមកពីក្រៅប្រទេសប្រឈមនឹងការឆ្លង ត្រូវទៅបង្ហាញខ្លួននៅតាមមន្ទីរពេទ្យ ឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈ១៤ថ្ងៃសិន បើគ្មានករណីសង្ស័យ ចាំជួបស្និលស្នាលជាមួយក្រុមគ្រួសារ។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕