(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាឥស្លាមប្រមាណជិត២ ពាន់លាននាក់ នៅជុំវិញពិភពលោក ចាប់ផ្ដើមអនុវត្តកាតព្វកិច្ចចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌនត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីម តមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។
រ៉ម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិនៃសាសនាឥស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះ គឺមាន១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ម៉ាឌន វិលជុំថយក្រោយ កាត់តាមរដូវនីមួយៗ។ ឧទាហរណ៍៖ ខែរ៉ម៉ាឌន នៅឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ចំណែកឯ រ៉ម៉ាឌន នៅក្នុងឆ្នាំ ២០២០នេះ ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែមេសាវិញ ហើយវានឹងបន្តថយមកទៀតជារៀងរាល់ឆ្នាំ។
* រ៉ម៉ាឌន ជាខែពិសិដ្ឋ
ជាការពិតដែលថា រ៉ម៉ាឌនជាខែមួយដ៏ពិសិដ្ឋសម្រាប់សាសនិកឥស្លាម ឬ មូស្លីម។ ជាខែពិសិដ្ឋ ទី១៖ កួរអាន ដែលជាគម្ពី រពិសិដ្ឋ ត្រូវបានបញ្ចុះមកជាលើកដំបូងនៅក្នុង ខែរ៉ម៉ាឌន នេះឯង នាឆ្នាំ៦១០ នៃគ.ស.។ ទី២៖ គឺការកាន់អំណត់តមជា កាតព្វកិច្ចមួយក្នុងមូលដ្ឋានគ្រឹះទាំង៥នៃ សាសនាអ៊ីស្លាម។ កាតព្វកិច្ចកាន់អំណត់តមនេះ ត្រូវបានកំណត់ឱ្យអនុវត្ត នៅខែរ៉ម៉ាឌន ចាប់តាំងពីឆ្នាំ៦២៤ នៃគ.ស ពោលគឺ ២ឆ្នាំក្រោយ ការធ្វើហិជ្ជរ៉ស(ការចាកចេញ) ពីទីក្រុងមក្កះ ទៅក្រុងម៉ាឌីណះ របស់រ៉សូលុលឡោះ (មហាំម៉ាត់)។ ប៉ុន្តែវាមិនមែនជារឿងថ្មីស្រឡាងឡើយ នៅពេលដែលការកាន់អំណត់ តមអាហារត្រូវកំណត់ឱ្យអនុវត្តក្នុងខែរ៉ាម៉ាឌននាជំនាន់ណាពី មូហាំម៉ាត់នោះ ពីព្រោះកាត្វកិច្ចនេះក៏ធ្លាប់ត្រូវបានអនុវត្តរួច មកហើយនៅជំនាន់អ្នកពីមុនៗ ដូចជាជំនាន់អីប្រាហ៊ីម មូសា អ៊ីសា.... គ្រាន់តែរបៀបនិងពេលវេលាខុសៗគ្នាតាម ជំនាន់នីមួយៗប៉ុណ្ណោះ។
* បួស ឬខែបួស
ជាពាក្យត្រូវបានគេប្រើជាទូទៅដោយសំដៅទៅលើការប្រតិបត្តិមួយចម្បងនៅខែ រ៉ម៉ាឌន ដោយមិនពិសាអ្វីទាំងអស់ នៅពេលថ្ងៃ។ ការមិនពិសាអ្វីទាំងឡាយនេះ ក្នុងភាសាអ៉ារ៉ាប់ គេហៅថា សោម (Saum) ដែលមានន័យថា «តម»។ បើអីចឹងតើនរណាខ្លះដែលជាប់ កាតព្វកិច្ចតមអាហារនៅពេលថ្ងៃក្នុងខែរ៉ម៉ាឌននេះ? គឺមូស្លីមប្រុសស្រីដែលមានអាយុ (១៣ ឬ១៥ឆ្នាំ) ឡើងទៅនិងមិនមែនជាមនុស្ស ពិការសតិបញ្ញា។ តែក្នុងករណីសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយ នារីពពោះ ឬមានរដូវ នារីបំបៅកូនជាដើមអាចមាន សិទ្ធិមិនបួសបាន តាមហេតុការណ៍កើតឡើងជាក់ស្ដែង តែត្រូវសងវិញនៅពេលក្រោយ រីឯអ្នកចាស់ជរាមិនអាចបួសបានតែម្ដងត្រូវ ផ្ដល់អំណោយទាន ដល់អ្នកក្រីក្រ ក្នុងមួយថ្ងៃ អង្ករកន្លះគីឡូ នារយៈពេលមួយខែពេញ នៃខែរ៉ាម៉ាឌន។
បន្ថែមពីលើនេះ ការតមនេះគឺតមលើការបរិភោគក្នុងពេលវេលាដែលហាមឃាត់ ចាប់ពីទៀបភ្លឺ រហូតដល់ថ្ងៃលិច។ នៅអំឡុងពេល ថ្ងៃគេមិន ត្រូវបរិភោគ ផឹក ឬការមានទំនាក់ទំនងផ្លូវភេទនោះទេ ចំណែកឯការមករដូវរបស់ស្តី្រ ក៏ធ្វើឱ្យខូចនូវការតមនេះដែរ។ ទោះជាយ៉ាងនេះក្តី ការបរិភោគដោយអចេតនា ឬភ្លេចភ្លាំង មិនត្រូវបានចាត់ទុកថា ដាច់ ឬខូចដល់ការកាន់អំណត់តមនោះឡើយ។
*តើការបួសនេះ ត្រូវអនុវត្តយ៉ាងដូចម្តេច?
មានសំណួរខ្លះត្រូវបានចោទសួរថា តើអ្នកណាដែលត្រូវបួសកាន់អំណត់តមអាហារនេះ? ចម្លើយគឺមូស្លីម (អ្នកកាន់សាសនាឥស្លាម) ដែលគ្រប់ការ ពោលគឺ បុរស ឬនារីពេញវ័យ (បើជាបុរសចាប់ពេញវ័យពីពេលដែលគេយល់សប្តិរួមសង្វាស់ ចំណែកឯនារីគឺនៅពេល មានរដូវ) មានសតិបញ្ញាត្រឹមត្រូវ ពុំមែនជាមនុស្ស មានសតិវិបល្លាស។ ត្រូវជាមនុស្សដែលមានសតិបញ្ញាត្រឹមត្រូវ គឺមានមនសិកា សម្បជញ្ញ និងការតាំងចិត្តដោយឆន្ទៈ ក្នុងការអនុវត្តកាតព្វកិច្ចកាន់អំណត់បួស។
ក្នុងវិន័យនៃការអនុវត្តតាមធម៌វិន័យនៃសាសនាឥស្លាម អំពើទាំងឡាយ ដែលត្រូវបានចាត់ទុកថា យកជាការបាន ត្រឹមត្រូវ និងពេញ លក្ខណៈវាត្រូវចាប់ផ្តើមឡើង ដោយការតាំងចិត្តជាមុន។ មិនអាចថា ត្រឹមត្រូវ ឬទទួលផលកុសលបាននោះទេ បើអំពើដែលធ្វើទៅ ហើយមិនបានកើតឡើងដោយ «បំណង» ឬដោយឆន្ទៈ។
ការកាន់អំណត់បួស (មិនហូប មិនផឹក មិនរួមសង្វាស។ល។) គឺចាប់ផ្តើមនៅពេលថ្ងៃរៀបរះ ដែលហៅថា «ហ្វាជើរ» រហូតដល់ថ្ងៃលិច ដែលហៅថា ពេល «ម៉ាហ្គរីព»។ វាជាកតាព្វកិច្ចដ៏ពិសិដ្ឋ ដូចនេះវាមិនមានបញ្ហាចោទទេចំពោះការអនុវត្តវា។ លើកលែងតែ អ្នកដែលមានស្ថានភាពជំងឺប្រចាំកាយ ធុរៈដែលមិនអាចកាន់អំណត់បាន នោះគេអាច ផ្អាករហូតដល់ស្ថានភាពរបស់គេល្អប្រសើរ ហើយត្រូវបួសសងវិញ បើពុំនោះទេជាការបំពាន ឬការធ្វើទុក្ខបុកម្និញ ខ្លួនឯងដែលនេះជាអំពើអកុសល មិនត្រូវអនុញ្ញាតក្នុង ច្បាប់វិន័យឥស្លាម។
តើអ្វីដែលជាឥទ្ធិពលនៃការបួសតមអាហារនេះ?
យើងត្រូវយើងយល់ថា ការកាន់អំណត់បួសនេះ ពុំមែនជាទណ្ឌកម្មនោះទេ តែជាសក្ខីភាព ដែលបញ្ជាក់អំពីសេចក្តីជំនឿនិងការ ប្រតិបត្តិយោងទៅលើសេចក្តីបង្គាប់របស់ព្រះ។ លទ្ធផល ដែលបានពុំមែនជា ការសម្រករាង ការធ្វើទុកកិរិយា ឬសេចក្តីជ្រុលនិយម ណាមួយនោះទេ តែគឺជាការកសាងសន្តិភាពក្នុងផ្លូវចិត្ត តាមរយការហ្វឹកហាត់គ្រប់គ្រង ចំណងយោងតាមសេចក្តីឃ្លានការស្វែងយល់ អំពីសេចក្តីអត់ធ្មត់ ការអធ្យាស្រ័យ ការយល់អំពីសេចក្តីលំបាក់ និងជា ពិសេសនោះ គឺការចែករំលែកទាំងផ្នែកស្មារតី និងសម្ភារ ក្នុងស្ថានភាពដែលពើបប្រទះ ការអត់ឃ្លាន ជាដើម។
ខាងក្រោមនេះគឺជារបៀបខ្លះៗនៃការតមអាហារ៖
ទីមួយ៖ ត្រូវកំណត់ពេលវេលាឱ្យបានទៀងទាត់ និងច្បាស់លាស់ ដើម្បីងើបហូបបាយបួសហើយជាពិសេសគឺត្រូវហូបបាយ បួសឱ្យបានមុនស៊ូពុះបន្តិច (មុនការថ្វាយបង្គំពេលទៀបភ្លឺបន្តិច)។ លើសពីនេះទៅទៀត គឺត្រូវប្រយ័ត្នកុំឱ្យខកខានក្នុងការ ងើបហូបបាយ ព្រមទាំងការបួសដោយពោះទទេ ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។
ទីពីរ៖ មិនគួរគេងច្រើនពេកនៅពេលថ្ងៃ ឬអង្គុយរង់ចាំដល់ម៉ោងស្រាយបួសនោះទេ ព្រោះការធ្វើបែបនេះអាចធ្វើឱ្យមាន អារម្មណ៍ថា ពេលវេលាដើរយូរ។ ប៉ុន្តែរឿងដែលត្រូវធ្វើជាពិសេស គឺសូត្រឬក៏ស្ដាប់គម្ពីកូអានឱ្យបានច្រើនហើយបើ មានការងារធ្វើគឺត្រូវធ្វើជាធម្មតា។
ទីបី៖ ត្រូវរួសរាន់ក្នុងការស្រាយបួស ឬហូបអាហារ ឬក៏ផឹកទឹកឱ្យបានទាន់ពេលវេលា ពោលគឺបើដល់ម៉ោងស្រាយបួស ត្រូវប្រញាប់ ស្រាយបួស មិនត្រូវពន្យាពេលនោះទេ ប៉ុន្តែក៏មិនគួរហូបច្រើនពេកដែរ ដោយគួរតែផ្ដើមដោយការផឹកទឹក ព្រមទាំងបរិភោគអាហារ សន្សឹមៗកុំបង្ខំ។ ដោយឡែក ក្រៅតែពីការតមអាហារ ការគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃ រួមមានទាំងការនិយាយស្ដី ក៏ជារឿងសំខាន់ដែរ ដោយត្រូវតែជៀសវាងរាល់សកម្មភាពទាំងឡាយណាដែលអាចធ្វើឱ្យខូច ដល់ការបួស ឬធ្វើឱ្យការបួសមិនស្របទៅនឹងក្បួនច្បាប់ ដែលបានកំណត់ក្នុងសាសនាឥស្លាម។ ឧទាហរណ៍ដូចជា ទង្វើអបាយមុខផ្សេងៗ ការភូតកុហក ឬក៏ការខឹងច្រឡោតជាដើម (នេះមិនមែនមានន័យថាធ្វើល្អតែក្នុងខែបួសទេ គឺត្រូវប្រកាន់ខ្ជាប់ទង្វើល្អជានិច្ច)។
* ការកាន់អំណត់តមមិនមែនជាទណ្ឌកម្ម
រយៈពេលនៃការតមក្នុងមួយថ្ងៃៗ វែង ឬខ្លី គឺអាស្រ័យតាមដំណើរគោចរនៃព្រះអាទិត្យតាមតំបន់ ឬប្រទេសនីមួយៗព្រោះគេ នឹងចាប់ តមអាហារពីពេលទៀបភ្លឺ និងចាប់ពិសាវិញនៅពេលថ្ងៃលិច។ ក៏ប៉ុន្តែគេត្រូវគប្បីយល់ឲ្យបានច្បាស់ថាការកាន់ អំណត់នេះពុំមែនជាការដាក់ទោស ឬទណ្ឌកម្ម ឬទុក្ខកិរិយា ទៅលើមនុស្សជាតិ ឬក៏ជាភារៈដែលមិនអាចទ្រាំទ្រ បាននោះទេ។ គោលគំនិតសំខាន់នៅពី ក្រោយនៃការអនុវត្តការតមអំណត់នេះ គឺជាការធ្វើសក្ការៈដោយសុទ្ធចិត្តទៅចំពោះ ការបង្គាប់បញ្ជារបស់អល់ឡោះជាម្ចាស់ដូចទ្រង់ មានព្រះបន្ទូលក្នុង គម្ពីកួរអានដូច្នេះថា៖ «ឱ! បណ្ដាអ្នកមានជំនឿលើ អល់ឡោះនិងអ្នកនាំសាររបស់អល់ឡោះគឺមហាំម៉ាត់ អល់ឡោះជាម្ចាស់បានដាក់កត្វាកិច្ចលើពួកអ្នកឱ្យតមអំណត់អាហារ នៅពេលថ្ងៃ ដូចគ្នាទៅនឹងអល់ឡោះបានដាក់កាតព្វកិច្ចលើបណ្ដា អ្នកដែលមានជំនឿពីមុនៗ ដើម្បីសម្ដែងការកោត ខ្លាចនិងគោរពតាមបទបញ្ជាដោយសុទ្ធចិត្តទៅចំពោះអល់ឡោះ»។
ម្យ៉ាងវិញទៀត ការកាន់អំណត់នេះ មិនមែនត្រឹមជាការកាត់បន្ថយការ បំពេញតម្រូវការផ្នែកសារពាង្គកាយ ពីការបរិភោគ និងផឹកពី ច្រើនមកតិចនោះទេ ប៉ុន្តែវាគឺជាការតាំងចិត្ត រវាងរាងកាយ និងការសម្អាតវិញ្ញាណ ពីតម្រូវការផ្នែកសម្ភារៈនិយម ការអត់ធ្មត់ មានម្ចាស់ការលើតណ្ហា ឬសេចក្តីស្រេកឃ្លាន និងជាពិសេសការអនុវត្តនូវធម៌វិន័យក្នុងឋានៈជា សាវ័ក ដែលប្រកាន់ខ្ជាប់នូវគោល ជំនឿត្រឹមត្រូវ។
* ការអនុវត្តផ្សេងៗក្នុងខែរ៉ម៉ាឌន
ខែរ៉ម៉ាឌន ជាខែដែលត្រូវសង្វាតប្រពិត្តអំពើល្អ ដោយឱកាសនេះ មានមិនលើសពីមួយខែនោះឡើយ។ អំពើល្អទាំងនោះ មានដូចជា ការផ្តល់ ចំណីអាហារដល់អ្នកកាន់អំណត់តម ជនទីទ័លក្រ ការបរិច្ចាកទាន។ល។ ទោះជាយ៉ាងនេះក្តី ក៏មានការអនុវត្តដែលមិនត្រឹមត្រូវផ្សេងពីការអប់រំនៃសាសនាអ៊ីស្លាមដែរ។ មានមនុស្សមួយចំនួនបានធ្វើការចំណាយ ដោយខ្ជះខ្ជាយ នៅអំឡុងពេលកាន់អំណត់ លើមុខម្ហូបរបស់ខ្លួនតាំងពីពេលចាប់ផ្តើម និងពេលបញ្ចប់។ ពួកគេរៀបចំ អាហារហាក់ ដូចសម្រាប់ចំនួនមនុស្សកុះករហើយចុងបញ្ចប់ ពួកគេហូបត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះហើយអាហារដែល នៅសល់ គឺបានត្រឹមតែបោះបង់ចោល។ ការអនុវត្តបែបនេះគឺផ្ទុយនឹងក្រិត ក្រមវិន័យនៃសាសនាឥស្លាម។
គួរបញ្ជាក់ថា របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួស នៅថ្ងៃដំបូងនៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែរ៉ាម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវ បំពេញខែសាក់ពឺន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ាម៉ាឌន។
ក៏ប៉ុន្តែ ខែរ៉ម៉ាឌន ក្នុងឆ្នាំនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការជួបជុំ ឬប្រមូលផ្ដុំគ្នានោះទេ ដើម្បីទប់ស្កាត់ COVID-19។ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានណែនាំឱ្យសាសនិកឥស្លាមដូចតទៅ៖
*ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
*ការសឡាតតារ៉វេស (ថ្វាយបង្គំពេលយប់ ក្នុងខែរ៉ម៉ាឌន សូមធ្វើជាលក្ខណៈគ្រួសារនៅតាមផ្ទះ)
* ថ្ងៃបុណ្យរ៉យ៉ាហ្វីត្រាស់ អនុវត្តសឡត ឬថ្វាយបង្គំតាមផ្ទះរៀងៗខ្លួន
* ការដើរសួរសុខទុក្ខនៅថ្ងៃរ៉យ៉ាហ្វីត្រាស់ សូមកុំប្រមូលផ្ដុំគ្នា
*ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕