(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យ សុខាភិបាលសាធារណៈ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមថ្នាក់ខ្ពស់។ នេះបើតាមសេចក្តីប្រកាសលទ្ធផល កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសានេះ ដោយមានការចូលរួមដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកផ្សេងទៀត។សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។
ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបានទទួលស្គាល់នូវ តួនាទី ដែលមិនអាចខ្វះ បានរបស់វិស័យឯកជន អង្គការក្នុងតំបន់ និងអន្តរជាតិទាំងឡាយ ក្នុងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការធានាការដឹកជញ្ជូនទំនិញសំខាន់ៗ ជាអាទិ៍មាន៖ ការផ្គត់ផ្គង់ថ្នាំព្យាបាល និងស្បៀងអាហារ។ អង្គប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើភាពចាំបាច់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ ស្តីពី អនាម័យសមរម្យ និងការរក្សាចម្ងាយពីគ្នា ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស ហើយដូច្នេះ បន្ធូរបន្ថយ សម្ពាធលើប្រព័ន្ធថែទាំសុខភាព។
នៅក្នុងកិច្ចប្រជុំនោះ បណ្តាប្រទេសជាសមាជិកអាស៊ាន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ក្នុងការគាំទ្រចំពោះវិស័យសុខាភិបាលសាធារណៈរបស់អាស៊ាន ជាអាទិ៍មានទាំងការផ្តល់ជំនួយចំនួនជាង ៣៥លានដុល្លារអាមេរិក។
រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលបានដាក់ចេញដោយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើតឡើងនូវមូលនិធិអាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្លងកូវីដ-១៩ និងការផ្ទុះឡើង នូវជំងឺនេះជាថ្មីម្តងទៀត នាពេលអនាគត។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានស្វាគមន៍ផងដែរនូវគំនិតផ្តួចផ្តើមថ្មីៗរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ភាពជាដៃគូជាមួយអាស៊ាន ដោយផ្តោតជាសំខាន់លើការស្រាវជ្រាវ ការកសាងសមត្ថភាពប្រព័ន្ធ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យនេះ។ សហរដ្ឋអាមេរិក បានសន្យាបន្តគាំទ្រការរឹតចំណងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងផ្នែកថែទាំសុខភាពសាធារណៈ តាមរយៈកម្មវិធីផ្លាស់ប្តូរនានា មានដូចជាការបណ្តុះបណ្តាលអ្នកជំនាញខាងវេជ្ជសាស្រ្ត និងសុខាភិបាលអាស៊ានចំនួន២៤០០នាក់ រហូតមកដល់បច្ចុប្បន្ននេះផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងអំពីមធ្យោបាយនានា ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដូចខាងក្រោម៖
* នៅខណៈពេលដែលយើងទទួលស្គាល់អំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវ ធ្វើឱ្យកាន់តែសកម្មឡើងទៀតនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។
* យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការរាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជាតួនាទីនាំមុខរបស់អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយដែលគួរឱ្យគោរពក្នុងការផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ។
* អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្តនូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ កម្ពុជាបានព្យាយាមកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាល ជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ ការងារ។ ដើម្បីទ្រទ្រង់ដំណើរនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូ ពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីបញ្ហាតំបន់នានា ដែលទាក់ទងនឹងសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងក្រៅពីតំបន់។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរនូវទស្សនៈទាំងឡាយ ដែលបានលើកឡើង អំពីសេចក្តីត្រូវការបន្ទាន់ ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុង ខណៈពេលដែលយើងកំពុងលើកស្ទួយកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។
កិច្ចប្រជុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀតរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីធ្វើការ សម្របសម្រួលឱ្យមានការឆ្លើយតបរួម ដើម្បីបញ្ឈប់ជំងឺឆ្លងសកលនេះ៕