(ភ្នំពេញ)៖ លទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ត្រូវបានប្រកាសដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសានេះ ដោយមានការចូលរួមដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកផ្សេងទៀត។សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។
កិច្ចប្រជុំពិសេសនេះដែលត្រូវបានរៀបចំធ្វើឡើងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសង្គ្រោះភាពអាសន្នខាងផ្នែកសុខាភិបាលសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងដើម្បីរិះរកវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺនេះ ទៅលើជីវភាពរស់នៅរបស់ប្រជាជនចំនួនមួយពាន់លាននាក់។ កិច្ចប្រជុំក៏បានផ្តោតកិច្ចពិភាក្សាផងដែរលើផែនការ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ក្រោយជំងឺឆ្លងកូវីដ-១៩ ផុតរលត់ទៅ៕
ខាងក្រោមនេះជាលទ្ធផលទាំងស្រុង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធវីដេអូអនឡាញ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ៖