(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហោះសារសុំការយោគយល់ពីសាសនិកខ្មែរឥស្លាម ដែលត្រូវលុបចោលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ គ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ខាងមុខ និងផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសាសនិកខ្មែរឥស្លាម បន្ដអនុវត្តតាមសារាចរណែនាំពីវិធីបង្ការ ទប់ស្កាត់ ជំងឺ COVID-19 ក៏ដូចជាសេចក្តីណែនាំរបស់ ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅកម្ពុជា ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេច និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹងប្រជាជនកម្ពុជា។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ៖
«ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរ ឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី០១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០។
ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់ លើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹង ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និងសុំបន្កការអនុវត្តតាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺ ដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។
ខ្ញុំសូមបួងសួង សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចំរើនញ្ហរ៉កាត់គ្រប់ៗគ្នា ពីព្រះអល់ឡោះ និងសុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិសាងឡើងកុំបីអាក់ខានឡើយ»៕