(ព្រះវិហារ)៖ ដោយប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជាច្រើនរូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែផ្ទាល់ខ្លួន ជូនដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន។
គិតមកត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានចូលរួមបរិច្ចាគថវិកា មានចំនួន៤២៥នាក់ ក្នុងនោះស្រី៤១នាក់ រួមមានលោកស្នងការ លោកស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីនគរបាលជាច្រើនរូបទៀតយ៉ាងផុសផុល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដែលបានបរិច្ចាគថវិការទៅតាមលទ្ធិភាព អ្នកខ្លះបានចំណាយថវិការបស់ខ្លួន រយៈពេលចំនួន ៦ខែ អ្នកខ្លះ ០៥ខែ អ្នកខ្លះទៀត ០៤ខែ ជាង១០០លានរៀល (១០៥,៩៨០,៨៦២ រៀល)។
ក្រៅពីការចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានចូលរួមយ៉ាងសកម្មអនុវត្តនូវ រាល់បទបញ្ជារាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជំងឺឆ្លង ព្រមទាំងបានចូលរួមជាមួយអជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយ នូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕