(ភ្នំពេញ)៖ បុរសជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ល្បាតប្រទះឃើញ ដោយជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HK-៣៥៨១ មានការសង្ស័យ ធ្វើការឃាត់យកមកសាកសួរនាំ បែរជាករណីមុខសញ្ញាឆក់កាបូប។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១១៖០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនរងគ្រោះ ឈ្មោះ កែត វ៉ារ៉ែន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនគរបាល ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ សម្ភារបាត់បង់ រួមមាន៖ អត្តសញ្ញាណប័ណ្ណ១សន្លឹក, ប័ណ្ណបើកបរ២សន្លឹក (មួយសន្លឹកនគរបាល) កាត ATM ៣សន្លឹក, លុយ២៥០ដុល្លារ និងឯកសារមួយចំនួន ។
ជនសង្ស័យ ឈ្មោះ មឿន សុគន្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្តដឹកជញ្ជូន ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក សូ សំបាន នាយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលល្បាត ក្នុងមូលដ្ឋាន ដើម្បីបង្ការបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ស្រាប់តែ ឃើញបុរសជនសង្ស័យម្នាក់ ជិះម៉ូតូឃ្លីក ពណ៌ស តែដោយចំលែកត្រង់ឃើញជិះវិលចុះឡើង៤ត្រលប់ នៅក្បែរកន្លែងជួសជុលរថយន្ត ហើយកម្លាំងនគរបាលសំរេចចិត្ត ឃាត់យកទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ ។
នគរបាលបន្តថា ក្រោយពីសាកសួរនាំ ជនសង្ស័យមានភិនភាគស្រដៀង ទៅនិងករណីឆក់កាបូប ពីជនរងគ្រោះ ជានគរបាលម្នាក់ ដែលបាត់បង់សម្ភារ និងលុយ ២៥០ដុល្លារ រួចជនសង្ស័យក៏បានឆ្លើយសារភាព ខ្លួនពិតបានប្រព្រឹត្តបទល្មើស ឆក់កាបូបកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
បច្ចុប្បន្នជនសង្ស័យ និងធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕