(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានចូលរួមក្នុង «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម» ដែលជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្ដល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
គម្រោងឥណទាននេះ នឹងធ្វើឱ្យប្រាសាក់អាចផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់ 1,26 ប៊ីលានរៀល (ឬ 30 ម៉ឺនដុល្លារ) ឬ ទុនបង្វិលរហូតដល់ 840 លានរៀល (ឬ 20 ម៉ឺនដុល្លារ) នៅក្នុងមុខរបរអាជីវកម្មរបស់ខ្លួន ជាមួយអត្រាការប្រាក់ពិសេសទាបបំផុត 7% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ 4 ឆ្នាំ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ឥណទានសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមនេះ ជាប្រភេទកម្ចីដែលប្រាសាក់ និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដែលជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានសហការគ្នាក្នុងការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នាដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ជាមួយអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជាផ្នែកកម្មន្តសាល និងសិប្បកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬ បម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម និងដើម្បីបង្កើតឱកាសការងារ។
ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការដើមទុន អាចដាក់ពាក្យស្នើសុំកម្ចីក្រោមគម្រោងសហហិរញ្ញប្បទាននេះ ពីសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទមកលេខ៖ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ដើម្បីទទួលបានព័ត៌មានបន្ថែម។
លោកបន្តថា «ក្នុងរយៈកាលនៃការរាតត្បាតជំងឺកូវីដ 19 នេះ ប្រាសាក់ នៅតែបន្តផ្ដល់សេវាហិរញ្ញវត្ថុជូនអតិថិជនជាធម្មតា។ តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់សេវាឥណទានប្រាសាក់ និងសូមគោរពជូនពរចំពោះអតិថិជនទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេលវេលាដ៏លំបាកនេះ»។
សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើង។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ19 និងរក្សាសុវត្ថិភាពកាន់តែខ្ពស់៕