(កំពង់ធំ)៖ លោក ហាក់ ម៉ូវសេង ប្រធានក្រុមប្រឹក្សាស្រុក និងលោក អួង សារឿន អភិបាលស្រុកបារាយណ៍ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ បានបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (COVID-19) នៅភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ។
ក្នុងឱកាសនោះដែរ លោក អួង សារឿន បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។
លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្តបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេនេះ ថាត្រូវសម្អាត រក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេលនិងក្រោយពេលកាន់ចាប់របស់អ្វីផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ា ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។
លោកក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយក្នុងការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ អាជ្ញាធរស្រុកបានសួរសុខទុក និងចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ១១គ្រួសារ នៅក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ, ម៉ុង១, ភួយ១, សារុង១, ក្រម៉ា១, ត្រីខ១យួរ, មី ១កេស និងសាប៊ូ ១ដុំ៕