(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីរាជការ ចុះសួរសុខទុក្ខពលករ ទើបត្រឡប់មកពីប្រទេសថៃវិញ ដែលស្ម័គ្រចិត្តដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចំនួន៥គ្រួសារ នៅស្រុករុក្ខគិរី។
ក្នុងកាសនោះដែរ លោក ងួន រតនៈ បានកោតសសើរ ចំពោះបងប្អូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ ដោយស្ម័គ្រចិត្តដាក់ខ្លួន នៅដាច់ដោយឡែកនៅផ្ទះដោយខ្លួនឯង រយៈពេល១៤ថ្ងៃ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមការការពារការឆ្លងជំងឺកូវីដ-១៩ ដល់បងប្អូន មិត្តភ័ក្រ្ត ក្រុមគ្រួសារ និងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្តបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេនេះថាត្រូវសម្អាត រក្សាអនាម័យជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃមុនពេល និងក្រោយពេលកាន់ចាប់របស់អ្វីផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ា ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតផងដែរ។
ក្នុងពិធីចុះសំណេះសំណាល និងចុះសួរសុខទុកនេះដែរ លោកក៏បានផ្តល់ជូនអំណោយដល់គ្រួសារប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥គ្រួសារ រួមមាន៖ អង្ករ១ ការ៉ុង ស្មើនឹង៥០គីឡូក្រាម មីចំនួន១កេស និងទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ។
ឆ្លៀតឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ឃុំបាសាក់ ស្រុករុក្ខគីរី ជាមួយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងបានសំណេះសំណាល ជាមួយក្រុមការងារការដ្ឋានជាជនជាតិកូរ៉េ ដោយភាពស្និទ្ធស្នាលបំផុត ដែលការដ្ឋានអាចនឹងបញ្ចប់ការសាងសង់ នាចុងឆ្នាំ២០២២ខាងមុននេះ ផងដែរ៕