(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ កិច្ចប្រជុំសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃមកនេះ។
ថ្លែងឲ្យដឹងនៅក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញសេចក្តីសម្រេចមួយចំនួនដូចជា សម្តេចហ៊ុន សែន បានប្រកាសសម្រេចព្យួរចោលការជាប់ពន្ធលើបន្ទុកការផ្ទេរមរតក ផ្ទេរពីជីតា-ជីដូន ទៅឲ្យចៅ, ពីឳពុក-ម្តាយ ទៅឲ្យកូន និងពីប្តី ឲ្យទៅប្រពន្ធ ឬពីប្រពន្ធ ទៅឲ្យប្តី។ យើងត្រូវគោរពនិងបំរើគោលនយោបាយដើម្បីបំរើផលប្រយោជន៍ ប្រជាជនយើង។ សម្តេចតេជោ ហ៊ុន សែន បានសំរេចព្យួរបន្ទុកពន្ធការផ្ទេរមរតកមាន៣ ប្រភេទគឺ៖ ផ្ទេរពីជីតា-ជីដូន ទៅឲ្យចៅ, ពីឳពុក-ម្តាយ ទៅឲ្យកូន និង ពីប្តី ឲ្យទៅប្រពន្ធ ឬពី ប្រពន្ធ ទៅឲ្យប្តី។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យដឹងទៀតថា ចាប់ពីខែមេសា ឆ្នាំ២០១៧ខាងមុខនេះតទៅ ប្រជាជនកម្ពុជា នៅទូទាំងប្រទេស នឹងទទួលបានការបញ្ចុះតម្លៃនៃការប្រើប្រាស់ចាប់ពីក្រោម៥០គីឡូវ៉ាត់ នឹងចំណាយអស់ត្រឹមតែ ៦១០រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា ការដោះស្រាយរឿងបណ្ណបើកបរ និងរឿងកាត់ឈ្មោះយានយន្តច្រើនត គឺជាកាត់ដំបៅមហារីក ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី០៩ ខែមករាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដោយអនុញ្ញាតឲ្យម្ចាស់រថយន្ត និងម៉ូតូទាំងអស់ មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម បើទិញតពីគេហើយយកទៅកាត់ឈ្មោះ ក្នុងករណីយរថយន្តឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់។ នៅពេលខាងមុខពេលទិញរថយន្ត ឬម៉ូតូត្រូវមានការបញ្ជាក់ត្រឹមត្រូវ ពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។
ក្រៅពីការសម្រេចពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀត ដោយបញ្ជាឲ្យដកឯកអគ្គរាជទូតខ្មែរ ដែលកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា ឲ្យត្រឡប់មកក្នុងប្រទេសវិញ ចំពោះឯកអគ្គរាជទូតរូបណា មិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា «ក្នុងឋាន:ជាបក្សកាន់អំណាច យើងច្បាស់ជាមិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សនយោបាយខ្លះនោះឡើយ តែយើងធ្វើពិត អនុវត្តន៍ពិត ដើម្បីប្រជាជនបានទទួលផល ពីសកម្មភាពជាក់ស្ដែងរបស់យើង។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសនិងសង្ឃឹមថានឹងទទួលបាននូវការគាំទ្រ ជាបន្តទៀតនាពេលបោះឆ្នោតខាងមុខ»។
បន្ថែមពីលើនេះ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជារូបនេះ បានព្រមានខ្លាំងៗ និងចំៗ ដល់រដ្ឋមន្ត្រីណាដែលមានប្រពន្ធ មានកូន មានបងប្អូន លូកលាន់ដល់ការងាររបស់ក្រសួង ត្រូវដកខ្លួនចេញជាបន្ទាន់។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងដែលមានបញ្ហានេះមានចំនួនប្រមាណ ២ក្រសួងទៀតប៉ុណ្ណោះ។
ជាការកត់សំគាល់មួយទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសរសើរការងារដឹកនាំ របស់លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង នឹងប្រាប់ឲ្យគ្រប់អភិបាលខេត្តទូទាំងប្រទេសយកគំរូតាមលោក ចាន់ សុផល។
ថ្លែងនៅក្នុងកិច្ចប្រជុំសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវឲ្យមន្រ្តីទាំងអស់ត្រូវចេះប្រើប្រាស់ Internet និងអំពាវនាវឲ្យស្ថាប័នរបស់ជាតិទាំងអស់មាន Account FacebookជាAcocunt របស់ស្ថាប័នផង និងមានAccount ផ្ទាល់ខ្លួនឯងផងដែរ។
សេចក្តីសម្រេច និងប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែនដែលថ្លែងនៅពេលនេះ បានធ្វើឡើង នៅកិច្ចប្រជុំសន្និបាតរបស់គណបក្ស ប្រជាជនកម្ពុជា នាមជ្ឈមណ្ឌលកោះពេជ្រ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ និងបានបិទបញ្ចប់នៅម៉ោងប្រមាណជា ៦ និង៣០នាទីល្ងាចនេះ៕