(ភ្នំពេញ)៖ សាស្ត្រាចារ្យសាសនាឥស្លាម លោក មូសា អះម៉ាត់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានពន្យល់លម្អិតជុំវិញអត្ថន័យបុណ្យខែ «រ៉ម៉ាឌន» ឬហៅកាត់ថា «ខែបួស» ខណៈដែលការបួសនេះ ត្រូវបានសាសនិកឥស្លាមគ្រប់អាយុ និងគ្រប់លក្ខខណ្ឌទូទាំងពិភពលោក ប្រតិបត្តិបួសរយៈពេលពេញមួយខែ។
«បុណ្យខែរ៉ម៉ាឌន» ជាពិធីបុណ្យធំមួយក្នុងសាសនាឥស្លាម នៃខែទី៩ នៃប្រតិទិនសាសនាឥស្លាម ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក សម្រាប់អនុវត្តន៍ឱ្យបានខ្ចាប់ខ្ចួន ខណៈខែនេះគេនឹងប្រារព្វបួសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ការបួសក្នុងសាសនាឥស្លាម ជាកាតព្វកិច្ចដែលព្រះជាម្ចាស់អល់ឡោះ បានដាក់កាតព្វកិច្ចទៅលើសាសនិកឥស្លាម ត្រូវអនុវត្តន៍ឱ្យបានល្អប្រសើរ ដូចដែលព្យាការីមូហាំម៉ាត់បានមានប្រសាសន៍មកថា «សាសនាឥស្លាម ត្រូវបានគេស្ថាបនាឡើងដោយ ៥ប្រការ ហើយមួយក្នុងចំណោម ៥ប្រការនោះហើយ គឺបួសក្នុងខែរ៉ម៉ាឌន»។
សាសនាឥស្លាមត្រូវបានគេស្ថាបនាឡើងដោយ ៥ប្រការរួមមាន៖
*ទី១៖ ទទួលស្គាល់ថា ព្រះអល់ឡោះជាព្រះជាម្ចាស់ ហើយមូហាំម៉ាត់ជាព្យាការី ឬអ្នកនាំសាររបស់ព្រះ
*ទី២៖ ការបញ្ឈរការថ្វាយបង្គំមួយថ្ងៃមួយយប់ ៥ដង
*ទី៣៖ បរិច្ចាគទ្រព្យសម្បត្តិដូចជាលុយកាក់ ម្ហូបអាហារជាដើម ទៅឲ្យអ្នកក្រីក្រ ក្មេងកំព្រា ជនគ្មានទីពឹង ជនខ្សត់ខ្សោយជាដើម
*ទី៤៖ បួសក្នុងខែរ៉ម៉ាឌន
*ទី៥៖ ការបំពេញហាជ្ជី ឬធម្មយាត្រា តាមសាសនាឥស្លាមនៅទីក្រុងម៉ាក់កះ ប្រទេសអារ៉ាប៊ីសាអូឌីត (សម្រាប់អ្នកដែលមានលទ្ធភាព និងសមត្ថភាព)។
តើបុណ្យខែរ៉ម៉ាឌនមានអត្ថន័យបែបណា? តើសាសនិកឥស្លាមនឹងទទួលបានអ្វីខ្លះពីបុណ្យមួយនេះ?
លោកសាស្ត្រាចារ្យ មូសា អះម៉ាត់ បានពន្យល់លម្អិតជាមួយអ្នកយកព័ត៌មាន Fresh News លោក ស្លៃម៉ាន ហ្វាន់ទី ដែលមានអត្ថន័យដូចខាងក្រោមនេះ៖