(ភ្នំពេញ)៖ ខណៈដែលជំងឺកូវីដ-១៩ កំពុងតែកើតឡើងនៅទូទាំងពិភពលោក និងប្រទេសកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងថ្នាក់ដឹកនាំ ស.ស.យ.ក បានចេញវីដេអូរួមគ្នា ដោយថ្លែងសារជំរុញឲ្យពលរដ្ឋរួមគ្នាជំនះលើជំងឺនេះ។
ក្នុងវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ ស.ស.យ.ក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយចូលរួមថែរក្សាអនាម័យ ឲ្យជាប់ជាប្រចាំ។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភ ចំពោះការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានកើតឡើង នៅទូទាំងពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទោះជាយើងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបែបនេះ តែយើងបាននឹងកំពុងដើរឆ្ពោះទៅមុខរួចគ្នា ដោយស្វាហាប់ និងរឹងមាំ ក្រោមការយកចិត្ដទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល វាជាពេលវេលាដ៏លំបាក ប៉ុន្ដែទោះជាយ៉ាងណា យើងត្រូវរួមគ្នាជំនះលើឧបសគ្គនេះឲ្យបាន»។
ដោយឡែក លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា «ដើម្បីបង្ការនូវប្រសិទ្ធិភាព ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបចូលរួមនៅក្នុងការបង្ការទប់ស្កាត់ និងឈានទៅបញ្ចប់បញ្ហាកូវីដ-១៩ ទាំងអស់គ្នា»៕