(កណ្តាល)៖ លោក រស់ បូរ៉ុម ប្រធានក្រុមការងារចុះជួយឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយក អំណោយប្រគល់ជូនប្រជាពលរដ្ឋទីទាល់ក្រ ជនចាស់ជរា ស្រ្តីមេម៉ាយ ជនពិកាចំនួន ៦០គ្រួសារ នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីជួយសម្រួលដល់ការលំបាក និងត្រៀមបង្ការ ទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩។
នៅក្នុងឱកាសនោះដែរលោក រស់ បូរ៉ុម បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចប្រធាន តែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ។
លោក រស់ បូរ៉ុម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអាកាសធាតុ ដែលមានការប្រែប្រួលមិនទៀងទាត់ដែលអាចបណ្តាលឲ្យមាន ភ្លៀងធ្លាក់កក់ខែ លាយឡំដោយខ្យល់កន្រ្តាក់មកយាយីលើផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់បងប្អូនគ្រប់ពេលវេលា ដូច្នេះហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខណៈមានភ្លៀងធ្លាក់ម្តងៗ។
លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយត្រូវតែរួមគ្នាទប់ស្កាត់វាឱ្យខាងតែបាន និងត្រូវអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ជាពិសេសចំពោះអ្នកចំណូលថ្មី និងអ្នកដែលមកពីក្រៅប្រទេស ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។
សូមបញ្ជាក់ដែរថា អំណោយដែលក្រុមការងារចុះជួយឃុំរកាកោងទី២ នាំយកប្រគល់ជូនបងប្អូនដែលមានជីវភាពទីទាល់ក្រ ជនចាស់ជរា ជាស្រ្តីមេម៉ាយ ជនពិកា ភូមិស្ពានថ្មីនេះ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១បាវតូច ដើម្បីជួយសំរាលការលំបាកក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងជំងឺ Covid ១៩នេះផងដែរ៕