(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឲ្យហើយតាមផែនការនៅក្នុងរដូវវស្សានេះ ដើម្បីបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀង។
ថ្លែងនៅក្នុងកិច្ចប្រជុំ ពីការស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានថ្លែងថា ប្រព័ន្ធប្រឡាយទាំងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបានប្រសិទ្ធភាព។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូ នៅតំបន់ស្ពានស្ទឹងមានជ័យ ត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេល២ខែទៀត ដើម្បីផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ ដែលកំពុងរស់នៅក្រោយស្ពានស្ទឹងមានជ័យ អាចរើទៅរស់នៅទីតំាងដែលអាជ្ញាធររៀបចំជូននៅក្បែរប្រព័ន្ធប្រឡាយនោះ។
អភិបាលរាជធានី បានបញ្ជាក់ថា ការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ ដែលសម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យដល់ប្រឡាយដើម ស្លែង សម្រេចបានជាង៧៨ភាគរយ ចំណែកតំបន់៤សម្រេចបានជាង៤០ភាគរយ៕