(សៀមរាប)៖ ចំនួនអ្នកជិះកង់ហាត់ប្រាណ និងអ្នកជិះកង់លំហែរកម្សាន្ត នៅតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានមួយចំនួនទៀត នៅខេត្តសៀមរាប គឺមានការកើនឡើងទ្វេរដង សម្រាប់អ្នករស់នៅ ធ្វើការងារប្រកបរបបរកស៊ី ក៏ដូចជាភ្ញៀវជាតិ នៅក្នុងកំឡុងពេល នៃការរីករាតត្បាតជំងឺកូវីដ-១៩ COVID-19។
បើតាមអ្នកដែលមានអាជីវកម្មជួលកង់/លក់កង់ និងរៀបចំគ្រប់គ្រងកញ្ចប់ជូនភ្ញៀវទេសចរជិះកង់ នៅសៀមរាប បានឱ្យដឹងថា ចំពោះការជិះកង់ហាត់ប្រាណ ឬជិះកង់លំហែរកម្សាន្ត នៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត នៅខេត្តសៀមរាបនាកន្លងទៅ គឺភាគច្រើនជាភ្ញៀវបរទេស។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការជិះកង់ហាត់ប្រាណការជិះកង់លំហែរកម្សាន្ត និងព្រឹត្តិការណ៍នៃការជិះកង់ ដើម្បីរៃអង្គាសមូលនិធិ ជួយដល់សកម្មភាពមនុស្សធម៌ ដូចជាជួយមន្ទីរពេទ្យគន្ធបុប្ផាមន្ទីរពេទ្យកុមារអង្គរ គឺមានយ៉ាងច្រើន។ ហើយកន្លងទៅ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏ធ្លាប់បានរៀបចំឱ្យមានព្រឹត្តិការជិះកង់ថ្នាក់ជាតិ-អន្តរជាតិ ដែលមានការចូលរួម រហូតដល់រាប់រយ/រាប់ពាន់នាក់ ផងដែរ។
បើក្រឡេកមើល ពេលបច្ចុប្បន្ននេះ ពិសេសក្នុងកំឡុងពេលជំងឺកូវីដ-១៩ ប្រមាណជាពីរខែកន្លងទៅ នៅតាមបណ្ដារមណីយដ្ឋានអង្គរ ក៏ដូចជានៅតាមតំបន់មួយចំនួន នៃភូមិសាស្រ្តខេត្តសៀមរាប គឺមានចំនួនអ្នកជិះកង់យ៉ាងច្រើនទ្វេរដង គួរឱ្យកត់សម្គាល់ មានទាំងក្មេង ចាស់ ប្រុស ស្រី មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រតិបត្តិករទេសចរណ៍ សិស្ស និស្សិត ស្រទាប់យុវជន បាននាំគ្នាជិះកង់លំហែរកម្សាន្ត និងហាត់ប្រាណយ៉ាងសកម្ម។
លោក ស្រេង កំសាន្ត ជាមគ្គុទ្ទេសក៍ ទេសចរណ៍ភាសាអង់គ្លេស និងជាអ្នកចូលចិត្តជិះកង់ជាប្រចាំ បានឱ្យដឹងថា តាមការយល់ និងភាពជាក់ស្ដែងរបស់លោក គឺការជិះកង់បាននាំមកនូវសុខភាពល្អមាំមួន, ស្មារតីភ្លឺស្វាង, បានបង្កើននូវមិត្តភាព, កាត់បន្ថយការសេពគ្រឿងស្រវឹង បន្ថែមពីនេះ លោកយល់ឃើញថា ការជិះកង់ មិនត្រឹមតែជាការហាត់ប្រាណប៉ុណ្ណោះទេវាថែមទាំងបានផ្តល់ នូវកញ្ចប់ទេសចរណ៍ដ៏សំខាន់ (Cycling Tour) សម្រាប់ភ្ញៀវ បានទៀតផង។
លោក អាំង ពិសាល ជាអ្នកជំនាញជិះកង់ម្នាក់ និងមានមុខរបរជួលកង់/លក់កង់ ក្នុងចំណោមអ្នកជួលកង់/លក់កង់ នៅក្រុងសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ថា បច្ចុប្បន្ន របររបស់លោករៀងគ្រាប់បើបន្តិច គឺការលក់កង់មានការកើនឡើង ដោយសារមានអតិថិជនច្រើនមកទិញ។ ការទិញកង់របស់អតិថិជន គឺសម្រាប់ជិះជាលក្ខណៈគ្រួសារ និងជាមួយមិត្តភក្រ។
លោក អាំង ពិសាល បានបន្តថា ការជិះកង់មានអត្ថប្រយោជន៍ច្រើន គឺល្អទាំងកាយសម្បទា ល្អទាំងភ្នែក ល្អទាំងអារម្មណ៍ និយាយរួមការជិះកង់ ធ្វើឱ្យកាយសម្បទា រាងកាយយើងទាំងអស់បានល្អប្រសើរ។ ហើយការជិះកង់ យើងបានបង្កើននូវទំនាក់ទំនងជាមិត្តភាពបានច្រើន និងល្អប្រសើរបន្ថែមទៀត។ ចំពោះអារម្មណ៍ និងកែវភ្នែកវិញ ពេលយើងជិះកង់ គឺបានឃើញនូវទិដ្ឋភាពប្លែកៗ និយាយឱ្យចំ បើយើងជិះក្នុងមួយថ្ងៃបាន ៤០គីឡូម៉ែត្រ យើងនឹងឃើញទិដ្ឋភាពល្អប្លែកៗ ៤០គីឡូម៉ែត្ររៀងរាល់ថ្ងៃ។
លោក អាំង ពិសាល បានឱ្យដឹងថា ចំពោះការជួលកង់ឱ្យភ្ញៀវបរទេស ជួលឱ្យទីភ្នាក់ងារផ្ដល់សេវាកម្មជូនភ្ញៀវ និងសណ្ឋាគារក៏ដោយ នៅរដូវកាលនៃជំងឺឆ្លងកូវីដ-១៩នេះ គឺធ្លាក់ដល់ចំណុចសូន្យតែម្ដង។ ប៉ុន្តែការជួលកង់ឱ្យភ្ញៀវខ្មែរ នាពេលបច្ចុប្បន្ននេះ គឺគិតក្នុងតម្លៃសមរម្យបំផុត។ លោកថា បច្ចុប្បន្ននេះ មានអ្នកជិះកង់ច្រើនមែនទែន។ ចំពោះកង់ដែលលក់រាល់ថ្ងៃ គឺជាកង់ដែលសល់ពីស្ដុកចាស់ នៅហាងរបស់លោក មានចំនួន ប្រមាណ ១០០ ទៅ ២០០គ្រឿងនោះ គឺបានលក់ចេញទាំងអស់។ ហើយកង់ទិញចូលថ្មី គឺអត់មានទេ ព្រោះមិនអាចបញ្ជាទិញបន្ថែមបានពីក្រៅ ឬក្នុងស្រុកនោះឡើយ។ កង់ចាស់ៗមួយទឹកៗ ដែលលោកទុកសម្រាប់ជួលនាពេលកន្លងទៅ ឥឡូវមានអតិថិជនមកទិញច្រើនដែរ។
ទោះជាយ៉ាងណា មហាជន និងអ្នកដែលនិយមជិះកង់ ក៏ដូចជាអ្នកជួលកង់ជូនភ្ញៀវទេសចរ បានសំណូមពរដល់អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ធ សុំបន្តរៀបចំសម្រួលឱ្យមានចំណែកផ្លូវជិះកង់ នៅតាមបណ្ដាផ្លូវ/ថ្នល់នានា នៅក្នុងក្រុងសៀមរាប និងនៅតាមរមណីយដ្ឋាន នៅតាមបណ្ដាភូមិ/ឃុំ/សង្កាត់/ស្រុកមួយចំនួនទៀត ឱ្យមានសណ្ដាប់ធ្នាប់ និងគន្លងចរាចរណ៍ជិះកង់ បានត្រឹមត្រូវ ល្អប្រសើរមួយកម្រិតទៀត ព្រោះវាជាការចូលរួមចំណែកក្នុងការលើកកម្ពស់ ដល់កំណើននៃវិស័យទេសចរណ៍ និងដើម្បីសុខមាលភាពសង្គម របស់កម្ពុជាផងដែរ។
សូមរំលឹកថា កន្លងទៅខាងអាជ្ញាធរជាតិអប្សរា បានឱ្យអង្គភាព Fresh News ដឹងថា នៅរមណីយដ្ឋានអង្គរ មានផ្លូវសម្រាប់ឱ្យភ្ញៀវទេសចរ ជិះកង់កម្សាន្ត ដែលមានទទឹង ២ម៉ែត្រ បណ្ដោយ ២៣គីឡូម៉ែត្រ ចេញពីកន្លែងត្រួតពិនិត្យសំបុត្រចាស់ កាត់តាមក្រោយប្រាសាទអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទតាកែវ។ ចំណែកតំបន់ផ្លូវវង់ធំ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង នាប្រាសាទបាយ័ន។ ផ្លូវនេះកសាងក្នុងទិសដៅ ស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូប្រមាណ ២៥ម៉ែត្រ ដោយអាស្រ័យទៅតាមទីតាំង និងស្ថានភាពដី។ បច្ចុប្បន្ននេះ យើងឃើញថា ផ្លូវកង់ទាំងនេះ គឺបាននិងកំពុងបន្តរៀបចំ ដោយឈួសឆាយ ចាក់ដីបំពេញ បានជាច្រើនគីឡូម៉ែត្រ ដែលអ្នកជិះកង់ អាចជិះតាមផ្លូវនោះ បានជាបណ្ដើរៗខ្លះហើយ។
អាជ្ញាធរជាតិអប្សរា ធ្លាប់បញ្ជាក់ថា ការស្ថាបនាផ្លូវនេះឡើងក្នុងបំណង ដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលចរាចរណ៍ ដល់ទេសចរណ៍ជិះកង់ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ ហើយកាលពីខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញការ ចំពោះកិច្ចគណៈកម្មធិការ អាយស៊ីស៊ី-អង្គរ ឬហៅថា អាដហុក បានចុះទៅពិនិត្យនៅការដ្ឋានស្ថាបនាផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរ ផងដែរ៕