(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ ក្នុងនាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានសេចក្ដីក្រៀមក្រំ និងសោកស្ដាយជាអនេក ចំពោះមរណភាពរបស់ លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង ដែលបានទទួលមរណភាព នៅវេលាម៉ោង០០៖៣០នាទី ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកទុក្ខរបស់លោក ផៃ ស៊ីផាន បានលើកឡើងថា «ជាមួយការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះការបាត់បង់ធន់ធានមនុស្សដ៏ឧត្តុង្គ ឧត្តមរបស់លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ ជាអតីតអភិបាលរងខេត្តកោះកុងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមចារឹកទុកនូវរាល់ស្នាដៃ ឧត្តមគតិ គំរូវីរភាព និងគុណបំណាច់យ៉ាងធំធេងរបស់ លោកស្រីវេជ្ជបណ្ឌិត ដែលជាកុលធីតាដ៏ប្រពៃ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ»។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមចូលរួមរំលែកនូវមរណទុក្ខដ៏សោកសង្រេង ជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕