(កំពង់ចាម)៖ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម និងជាប្រធានមន្ទីរព័ត៌មានខេត្តលោក ជា ក្រូច បានឲ្យដឹងថា រោងចក្រកាត់ដេរ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន១៧កន្លែង និងមានកម្មករ កម្មការិនី ចំនួន៣២,៨៦៨នាក់ (ស្រី៣១,០៥៥នាក់) បម្រើការងារ។ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ មានរោងចក្រចំនួន ១៥កន្លែង បានដំណើរការការងារជាធម្មតា ហើយរោងចក្រចំនួន២ បន្តព្យួរកិច្ចសន្យាការងារ។
លោក ជា ក្រូច បានបន្ដទៀតថា រោងចក្រទាំង២ដែលព្យួរការងារនេះ រួមមាន៖
*ទី១៖ រោងចក្រអោលេនដេលីងខេបូឌា នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ជារោងចក្រផលិតសម្លៀកបំពាក់ ខូវប៊យ មានកម្មករសរុប៨៨នាក់ បន្តព្យួរកិច្ចសន្យាការងារ ដោយខ្លាចឆ្លងមេរោគ COVID-19 រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ទើបចូលធ្វើការងារវិញ និងផ្តល់ប្រាក់ឈ្នួល៧០ភាគរយ។
*ទី២៖ រោងចក្រយូស៊ាងណាំ ផលិតសម្លៀកបំពាក់ មានកម្មករសរុប៥៩នាក់ មានទីតាំងស្ថិតនៅក្រុងកំពង់ចាម នៅព្យួរកិច្ចសន្យាការងារកម្មករ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មូលហេតុខ្លាចឆ្លងមេរោគ COVID-19 ហើយកម្មករយល់ព្រម មិនយកប្រាក់ឈ្នួល។
លោកបន្ថែមថា ក្រៅពីនេះក៏មានរោងចក្រស្នើសុំព្យួរកិច្ចសន្យាការងារផងដែរ គឺរោងចក្រថ្មី១កន្លែង ដែលមានកម្មករចំនួន២៣នាក់ កំពុងដំណើការ ទៅតាមនីតិវិធី។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ នៅតាមបណ្ដារោងចក្រនានា នៅក្នុងខេត្តកំពង់ចាម គឺបានចូលរួមបំពេញភារកិច្ច តាមរយៈការណែនាំទៅដល់ដល់កម្មករ និយោជិតរបស់ខ្លួន ដែលអវត្តមាន នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យពួកគាត់ទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលនៅជិតដើម្បីធ្វើចត្តាឡីស័ក នៅដាច់ដោយឡែក ១៤ថ្ងៃនៅតាមផ្ទះ មុនពេលចូលទៅធ្វើការងារវិញផងដែរ។
ទន្ទឹមជាមួយនោះ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមបណ្ដារោងចក្រនីមួយៗ ក៏នៅតែបន្តចាក់សារផ្សព្វផ្សាយអប់រំ អំពីវិធានការអនាម័យ និងអនុវត្តវិធានការ បង្ការការពារ ការឆ្លង នៃមេរោគ COVID-19 ជាប្រចាំផងដែរ៕