(ភ្នំពេញ)៖ ជំងឺកូវីដ១៩ បានបង្ខំឱ្យរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀននៅទូទាំងប្រទេស។ សាលារៀនអន្តរជាតិផារ៉ាហ្គន ថ្នាលបណ្តុះបណ្តាលតែមួយគត់របស់កម្ពុជា ដែលមានការទទួលស្គាល់កម្រិតអប់រំជាអន្តរជាតិពីក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS) បានប្រឹងប្រែងគ្រប់លទ្ធភាព និងមធ្យោបាយ ដើម្បីរក្សាការផ្តល់អប់រំមួយប្រកបដោយគុណភាពដដែលក្នុងពេលជំងឺកូវីដ១៩រីករាតត្បាតនេះ។
ដើម្បីធានាការអប់រំមួយប្រកបដោយគុណភាពដដែលនោះ សាលាបានសម្រេចវិនិយោគបន្ថែមទៅលើការសិក្សាតាមអនឡាយ ដោយបំពាក់ឧបករណ៍ និងបរិក្ខាបច្ចេកវិទ្យា សរសេរកម្មវិធី និងបង្កើត App ជាដើម សម្រាប់បង្រៀនសិស្សពីចម្ងាយ ឬហៅថា សិក្សាអនឡាញ។
ថ្នាក់ដឹកនាំសាលារៀនអន្តរជាតិផារ៉ាហ្គន បានមើលឃើញថា ការរាតត្បាតជំងឺកូវីដ១៩ នឹងនាំឱ្យប៉ះពាល់ដល់ការសិក្សាតាំងពីជំងឺនេះចាប់ផ្តើមផ្ទុះឡើង។ បន្ទាប់ពីការមើលឃើញពីផលប៉ះពាល់ដល់ការអប់រំ សាលាក៏បានចាប់ផ្តើមគិតគូរ និងរៀបចំផ្តល់ការអប់រំតាមប្រព័ន្ធអនឡាញ។
លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសសាលារៀនអន្តរជាតិផារ៉ាហ្គន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សាលារៀនអន្តរជាតិផារ៉ាហ្គន បានចាប់ផ្តើមសរសេរកម្មវិធី ធ្វើ App បំពាក់ឧបករណ៍បច្ចេកទេស បរិក្ខាសម្រាប់បង្រៀន និងហ្វឹកហាត់គ្រូពីរបៀបបង្រៀនតាមប្រព័ន្ធអនឡាញនេះតាំងពីខែមករា ឆ្នាំ២០២០មកម្ល៉េះ។
ប្រធានកិត្តិយសសាលារៀនអន្តរជាតិផារ៉ាហ្គនរូបនេះ មិនបានប្រាប់ពីទំហំទឹកប្រាក់វិនិយោគបន្ថែមលើការបង្រៀនតាមអនឡាញនោះឡើយ តែលោកបានបញ្ជាក់ថា ក្នុងទំហំទឹកប្រាក់ច្រើនគួរសម។
លោក អ៊ាង សុផល្លែត បានលើកឡើងថា «យើងប្រឹងប្រែងរិះរកគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយ ដើម្បីផ្តល់ការអប់រំដល់សិស្សរបស់យើង។ យើងចង់ធានាឱ្យសិស្សរបស់យើងគាត់នៅតែទទួលបានការអប់រំមួយប្រកបដោយគុណភាពល្អប្រសើរដដែលក្នុងពេលរីករាតត្បាតនៃជំងឺកូវីដ១៩នេះ»។
«យើងមិនចង់ឱ្យជំងឺកូវីដ១៩ វាចូលមកបំផ្លាញចំណេះដឹង បំផ្លាញការទទួលបាននូវការអប់រំរបស់សិស្សយើង កូនខ្មែរយើងនោះទេ។ ហេតុនេះហើយទើបសាលាបានសម្រេចចិត្តដាក់ទុនវិនិយោគសរសេរកម្មវិធី ធ្វើ App បំពាក់ឧបករណ៍ បរិក្ខាបច្ចេកទេសបន្ថែម ដើម្បីផ្តល់ការអប់រំឱ្យសិស្សរបស់យើង»។ លោក សុផល្លែត បញ្ជាក់បន្ថែម។
ការបង្រៀនតាមអនឡាញរបស់សាលាអន្តរជាតិផារ៉ាហ្គន មិនមែនជាការថតវីដេអូបង្រៀន ហើយទម្លាក់ទៅឱ្យសិស្សនីមួយៗរៀននៅតាមផ្ទះនោះទេ។ តែជាវិធីសាស្ត្របង្រៀនមួយបែបទំនើបដូចនឹងបណ្តាសាលាល្បីៗលើឆាកអន្តរជាតិបានប្រើប្រាស់ផងដែរ។
ការបង្រៀនតាមអនឡាញដែលសាលាអន្តរជាតិផារ៉ាហ្គន បានរៀបចំឡើង គឺប្រៀបដូចនឹងការសិក្សានៅតាមថ្នាក់រៀនផងដែរ ពោលគ្រូ និងសិស្ស បានឃើញមុខគ្នាដោយផ្ទាល់នៅលើអេក្រង់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។
បើតាមលោក អ៊ាង សុផល្លែត ការបង្រៀន និងរៀនតាមអនឡាញនេះ ធ្វើដូចម៉ោងសិក្សានៅតាមបន្ទប់រៀននាពេលកន្លងទៅ គឺគ្រូ និងសិស្ស ត្រូវបង្ហាញមុខពេលម៉ោងបង្រៀន និងរៀន ហើយស្រង់យកវត្តមានសិស្សជាធម្មតា។ លោក បានបញ្ជាក់ថា ចាប់តាំងពីសាលាបានបិទទ្វារតាមការណែនាំរបស់ក្រសួងអប់រំមក ការផ្តល់ការសិក្សារបស់សាលាជូនទៅសិស្សនៅរក្សាដដែលតាមកម្មវិធីសិក្សាដែលសាលាមានតាមការបង្រៀន និងរៀនអនឡាញនេះ។
លោក សុផល្លែត បានមើលឃើញថា ការបង្រៀនតាមអនឡាញនេះ ក៏ជាកាលានុវត្តន៍ភាពថ្មីមួយទៀតសម្រាប់សាលាជួយបណ្តុះបណ្តាលសិស្សឱ្យបានសិក្សាស្វែងយល់ពីរបៀបរបបនៃការធ្វើការងារតាមអនឡាញ ដែលជានិន្នាការរបស់ពិភពលោកនឹងវិវឌ្ឍន៍ទៅរកនាពេលអនាគត៕