(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥នាក់។
ការបញ្ជាក់បែបនេះ របស់លោក ហេង សុខគង់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាវិគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ហេង សុខគង់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនថានៅកម្ពុជា ឬប្រទេសទាំងឡាយនៅលើពិភពលោក គឺសហគ្រាសធនតូច និងមធ្យម គឺមានអត្រាខ្ពស់ ហើយដើរតួនាទីជាឆ្អឹងខ្នង ដ៏មានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗ កម្ពុជារបស់យើង គឺ SMEs មានរហូតទៅដល់ ៩៩.៨ភាគរយ បានន័យថា ក្នុងចំណោមសហគ្រាសទូទាំងប្រទេសរបស់យើង គឺ SMEs មានរហូតទៅដល់ប្រមាណជា ៥២ម៉ឺនសហគ្រាស ហើយបានផ្តល់ការងាររហូតទៅដល់ ៧០ភាគរយ នៃការងារទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយការលក់មានប្រមាណជាង៥៨ភាគរយ»។
លោក ហេង សុខគង់ បានបន្តថា នៅក្នុងបណ្តាប្រទេសធំៗ នៅលើពិភពលោកវិស័យ SMEs គឺត្រូវបានចាត់ទុកជាវិស័យមួយដ៏សំខាន់ខ្លាំងណាស់ ហើយប្រទេសមានការអភិវឌ្ឍមួយចំនួន វិស័យ SMEs បានចូលរួមអភិវឌ្ឍផ្នែកសេដ្ឋកិច្ចស្ទើរតែស្រុងក៏មានដែរ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ដូច្នេះ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យ SMEs នេះយ៉ាងខ្លាំង ជាពិសេសក្នុងការជំរុញក្នុងការលើកកម្ពស់ឱ្យ SMEs នៅក្នុងប្រទេសកម្ពុជា ងាយស្រួលក្នុងការទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងវិស័យនេះជាដើម។
លោក ហេង សុខគង់ បានបញ្ជាក់ថា រហូតមកដល់ថ្មីៗនេះ រាជរដ្ឋាភិបាល និងក្រសួងបានបង្កើតឱ្យមានជាធនាគារ SMEs Bank ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម ដែលមានអត្រាការទាបផ្តល់ជូនដល់អ្នកវិនិយោគលើវិស័យ SMEs ត្រឹមតែ ៧ភាគរយ តែប៉ុណ្ណោះ ដែលមានដើមទុនដំបូងរបស់ខ្លួនចំនួន ១០០លានដុល្លារ មិនតែប៉ុណ្ណោះ។
នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចតុកោណទី៣ មុំទី២ បានលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព។ ក៏ដូចជាការរៀបចំបង្កើតធនាគារ SMEs ការដាក់ចេញអនុក្រឹត្យស្តីអំពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs) ការបង្កើតមូលនិធិអភិវឌ្ឍជំនាញ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចតេជោ ការបង្កើតមូលនិធិអភិវឌ្ឍសហគ្រិនភាព ដែលទាំងនេះក្នុងបំណងជំរុញ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕