(ភ្នំពេញ)៖ ធនាគារពិភពលោក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញពីសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានព្យាករណ៍ថា ការផ្ញើប្រាក់ចេញ នៅទូទាំងសាកលលោក ត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ចំនួនប្រមាណជា២០ភាគរយ នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិបណ្តាលមកពី ការរាលដាលជំងឺកូវីដ-១៩ និងការបិទសកម្មភាពសេដ្ឋកិច្ច សឹងតែគ្រប់ផ្នែកទាំងអស់។

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានឲ្យដឹងថា មូលហេតុនាំឲ្យមានការធ្លាក់ចុះ ក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះ នៃចំនួនប្រាក់បៀវត្សរ៍ និងការងារ របស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់បង់ការងារ និងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្តាប្រទេស ដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។

សេចក្ដីប្រកាសព័ត៌មានបានបន្ដទៀតថា លំហូរការផ្ញើប្រាក់ចេញ ទៅកាន់ប្រទេសមានចំណូលទាប និងមធ្យម (LMICs) ត្រូវបានព្យាករណ៍ទុកថា នឹងស្រុតចុះ ប្រហែល១៩.៧ភាគរយ គឺសមមូលទៅនឹង ៤៤៥ប៊ីលានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុ ចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់គ្រួសារងាយរងគ្រោះ។ ការសិក្សានានា បានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុក បានជួយសម្រាលភាពក្រីក្រ នៅតាមប្រទេសមានចំណូលទាប និងមធ្យម, ធ្វើឲ្យអាហារូបត្ថម្ភ មានភាពប្រសើរឡើង, រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារ នៅតាមគ្រួសារទីទ័លក្រ។ ប៉ុន្តែកាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អ ទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានា ទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ត្រូវបង្វែរ ធនធានហិរញ្ញវត្ថុកាន់តែច្រើន ទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់ នៅក្នុងជីវភាពរស់នៅជាមុនសិន៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលមានខ្លឹមសារទាំងស្រុង៖