(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនាទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊នឡុង គឹមឈីន អាយុ១៦ឆ្នាំ ស្ដីពីករណីហិង្សាដោយចេតនា នៅម្ដុំផ្សារដើមពុទ្រា ភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ នៅវេលាម៉ោង០៨៖៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ហើយបាននាំយកមកបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សៀវ ម៉េងនូចាន់ អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្លាប់មានទំនាស់ជាមួយជនរងគ្រោះខាងលើម្ដងរួចមកហើយ តែមិនបានបង្កឱ្យមានហឹង្សាឡើយរហូតដល់ថ្ងៃទី១៦ ខែមេសានេះ រូបគេបានជិះម៉ូតូដឹកបក្សពួកចំនួន ២នាក់ទៀតមានឈ្មោះ លាង អាយុប្រហែល ១៦ឆ្នាំ និងឈ្មោះ ឆៃ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ។
ពេលជិះម៉ូតូដល់ចំណុចកើតហេតុ បក្ខពួកគេម្នាក់ឈ្មោះ លាង ជាអ្នកកាន់ពូថៅ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះបណ្ដាលឱ្យរងរបួស០៣កន្លែងមាន របួសត្រង់ថ្កាមខាងឆ្វេងធ្ងន់ធ្ងរ, ប្រអប់ដៃខាងឆ្វេងចំនួន០២កន្លែង។
លោកបានឱ្យដឹងទៀតថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ សាក្សី និងចម្លើយសារភាពជនសង្ស័យកម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ មកបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ចំណែកជនដៃដល់ឈ្មោះ លាង និងបក្សពួកម្នាក់ទៀតឈ្មោះ ឆៃ ដែលរត់គេចខ្លួននោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្ត៕