(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ទឹកស្អាតនៅរាជធានីភ្នំពេញ មានគុណភាពដូចល្អដូចទឹកស្អាត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា ទឹកស្អាតនៅរាជធានីភ្នំពេញ ដែលហូរចេញពីក្បាលរ៉ូប៊ីណេ ប្រជាពលរដ្ឋអាចបរិភោគបានដោយផ្ទាល់តែម្តង។ ទឹកស្អាត ដែលហូរចេញពីក្បាលរ៉ូប៊ីណេ នៅខេត្តសៀមរាប ក៏អាចបរិភោគបានដោយផ្ទាល់ផងដែរ។
លោក ហេង សុខគង់ បានបន្តថា ពេលដែលនិយាយពីទឹកស្អាត គឺជាទឹកដែលហូរកាត់ប្រព័ន្ធបំពង់ទុយោ មានប្រព្រឹត្តកម្មច្បាស់លាស់។ ទឹកស្អាតមិនមែនជាទឹក ដែលគ្រាន់តែអាជីវករខ្លះ បូមពីប្រភពទឹក ហើយយកទៅលក់ហៅថាទឹកស្អាតឡើយ។
លោកបានបន្ថែមថា ការធ្វើប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនេះ គឺវែងឆ្ងាយណាស់ មិនមែនគ្រាន់តែដាក់សាច់ជូ ធ្វើឲ្យទឹកថ្លា អាចយកទៅប្រើប្រាស់បានទេ ពោលមានការសម្លាប់មេរោគ ការដកចេញសារធាតុគីមី រ៉ែ ព្រមទាំងមានប្រព័ន្ធសម្រាប់ដកចេញមេរោគផ្សេងៗទៀតផង។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបថា ទឹកនៅរាជធានីភ្នំពេញ ជាប់គុណភាពជាទឹកល្អ ល្អមែនទែនរហូតទៅដល់ស្មើនឹងទីក្រុងតូក្យូប្រទេសជប៉ុន ហើយទឹកដែលចេញមកពីរ៉ូប៊ីណេ គឺយើងអាចផឹកបានផ្ទាល់តែម្តង នៅសៀមរាបដូចគ្នា។ អញ្ចឹងហើយគុណភាពទឹកនៅកម្ពុជាយើងខ្ពស់មែនទែន ដែលយើងជំរុញតភ្ជាប់ទៅដល់រដ្ឋាករទឹកដទៃទៀត»។
បើតាមលោក ហេង សុខគង់ នៅកម្ពុជាបច្ចុប្បន្ន មានរោងចក្រផលិតទឹកស្អាតទូទាំងប្រទេសចំនួន២៩០។ ក្នុងនោះ មានរដ្ឋាករស្វយ័តរាជធានីភ្នំពេញ និងសៀមរាប រដ្ឋាករទឹករបស់រដ្ឋមានចំនួន១១ និងរដ្ឋាករទឹកឯកជន របស់អង្គការ World Bank ៕