(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានបន្តទទួលបានអង្ករ ២៧៥គីឡូក្រាម, មី ១០កេស, ទឹកក្រូច ២២កេស, ទឹកដោះគោ ១កេស, ស្ករស និងតែ០១ការ៉ុង និងថវិកា ២,០០០,០០០រៀល ពីព្រះគ្រូធម្មជ័យមង្គល អឿង សំអាង ព្រះវិជ័យធម្មាភិរក្ស ព្រះមេគណខេត្តឧត្ដរមានជ័យ និងមន្រ្តីសង្ឃគណៈធម្មយុត្តិកនិកាយខេត្ត ផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្ដរមានជ័យ បានពាំនាំនូវប្រសាសន៍លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជយ័ ថ្លែងនូវអំណរព្រះគុណ ព្រះគ្រូធម្មជ័យមង្គល អឿង សំអាង និងមន្រ្តីសង្ឃគណៈធម្មយុត្តិកនិកាយខេត្ត ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំង នឹងការ រីករាលដាលនៃជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា នេះសបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងភាពមិនអាចខ្វះបាននូវការរួមចំណែកនៃវិស័យពុទ្ធចក្រ ចូលរួមជាមួយវិស័យ អាណាចក្រ ក្នុងកិច្ចការដោះស្រាយបញ្ហាសង្គម ហើយរដ្ឋបាលខេត្តនឹងយកអំណោយដែលបានផ្ដល់ជូននៅថ្ងៃនេះ ទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានាទាំងការងារ ផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គមជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោតេជោ ហ៊ុន សែន ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយមិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅ ដោយ អត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ។
លោក ជា ពិសិដ្ឋ បានថ្លែងទៀតថា អជ្ញាធរខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់លោក ប៉ែន កុសល្យ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងសកម្មភាពចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយណែនាំឱ្យមន្ត្រីប្រចាំការនៅច្រកអូរស្មាច់ ធ្វើការត្រួតពិនិត្យពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យបានហ្មត់ចត់បំផុត មុននឹងឱ្យគាត់បន្តដំណើរទៅស្រុកកំណើត។ ជាមួយគ្នានោះ បានជំរុញឱ្យអជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក បន្តការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល អំពីការធ្វើអនាម័យនានា ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩៕