(កំពង់ធំ)៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដឹកនាំដោយលោក អ៊ុត វណ្ណរ៉ា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំបូរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំអនុសាខាកាកបាទក្រហមស្រុក បន្តយុទ្ធនាការចុះចែកអង្ករ គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ១១គ្រួសារ នៅក្នុងឃុំឈូក ដែលកំពុងតែប្រឈមមុខនិងបញ្ហាកង្វះខាតជីវភាព។
លោក អ៊ុត វណ្ណរ៉ា ឲ្យដឹងថា បើទោះបីជាប្រទេសកម្ពុជា បាននឹងកំពុងតែយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បើទោះបីជាខេត្តកំពង់ធំ មិនទាន់មានផ្ទុកជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏បញ្ហាជំងឺកូវីដ១៩នេះ បានបណ្ដាលឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ហើយដើម្បីចូលរួមជួយកាត់បន្ថយការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋឱ្យស្របទៅតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ជាមកអាជ្ញាធររាជធានីខេត្ត ត្រៀមស្បៀងចុះចែកដល់ប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាខ្វះខាតស្បៀងហូបចុកនោះទេ។
លោក អ៊ុត វណ្ណរ៉ា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការមិនបានឱ្យ រៀបចំ បុណ្យ ចូលឆ្នាំ និងវិធានការរឹតបណ្តឹងការធ្វើដំណើរឆ្លងកាត់ខេត្តរបស់រាជរដ្ឋាភិបាល ការណែនាំឱ្យបងប្អូនដាក់ខ្លួនដាច់ដោយឡែ រយៈពេល១៤ថ្ងៃរបស់ បងប្អូនពលករ វិលមកពីក្រៅខេត្ត និងក្រៅប្រទេស។ វិធានការណ៍ទាំងអស់នេះ ក្នុងគោលបំណងរួមគ្នាដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកុំឱ្យមានការរីករាលដាលនូវជំងឺ COVID-១៩នេះ។
លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ កងកម្លាំងគ្រប់ប្រភេទដែលបានរួមគ្នាទប់ស្កាត់ និងប្រយុទ្ឋប្រឆាំងនូវជំងឺកូវីដ១៩ នឹងស្នើសុំឱ្យបងប្អូន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំង រួមគ្នាបន្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ កុំឱ្យមានការរីករាលដាលនូវជំងឺកូវិត១៩ នៅតាមសហគមន៍យើង។ លោកថា អំណោយទាំងអស់នេះអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លី តែក៏មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជួបការលំបាកចំនួន១១គ្រួសារ នៅក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ ម៉ុង១ ភួយ១ សារុង១ ក្រម៉ា១ ត្រីខ១យួរ មី១កេស និងសាប៊ូ ១ដុំ៕