(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាស្រុកកោះសូទិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង និងជនពិការចំនួន៤៦គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស គឺមានបំណងឱ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងអំពីវិធីបង្ការ ការពារ ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក និងវិធានការ ដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែកសម្រាប់បងប្អូនពលករ ពលការីនី ដែលទើបនឹងត្រឡប់មកពីបរទេស និងការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវជាប់ជាប្រចាំដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩នេះ។
ទន្ទឹមនិងនោះលោក អ៊ុន ចាន់ដា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ការថែរក្សាសុខភាព ពិសេសលោកយាយ លោកតា សូមការពារខ្លួនពីជំងឺកូវីដ១៩ និងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ អប់រំការធ្វើអនាម័យ ការពារជំងឺឆ្លងដែលក្រសួងសុខាភិបាលបានប្រកាស ជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អំណោយដែលបាននាំទៅចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ , មី ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា ១) សាប៊ូ២ដុំ និងថវិកា២០,០០០រៀល ។ ដោយឡែកគ្រួសារពិការ ១គ្រួសារ ទទួលបានការឧបត្ថម្ភ រ៉ឺម៉ក១ គ្រឿង ថវិកា ២លានរៀលផងដែរ៕