(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ នៅត្រីមាសទី១ ឆ្នាំ២០២០ មានរោងចក្រកើតថ្មីចំនួន៧៧រោងចក្រ ដែលបង្កើតការងារថ្មីចំនួន២៧,៩០៩នាក់។

ការលើកឡើងយ៉ាងដូច្នេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

លោក ហេង សុខគង់ បានបញ្ជាក់ទៀតថា ក្នុងចំណោមរោងចក្របង្កើតថ្មីទាំង៧៧រោងចក្រ មានរោងចក្រដែលអនុញ្ញាតដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន៧៤រោងចក្រ, រោងចក្រដែលចេញអនុញ្ញាតដោយ សាលារាជធានីភ្នំពេញចំនួន០១ និងរោងចក្រដំណើរការឡើងវិញ ចំនួន០២។

លោក ហេង សុខគង់ បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ចុងខែមីនា ឆ្នាំ២០២០នេះ យើង [កម្ពុជា] មានរោងចក្រធុនធំទូទាំងប្រទេសកម្ពុជា សរុបចំនួន ១,៨០១រោងចក្រ និងកម្លាំងពលកម្ម សរុបមានចំនួន ១,០៦៣,០៣១នាក់»

លោករដ្ឋលេខាធិការបានឲ្យដឹងផងដែរ អំពីចំនួនរោងចក្រទៅតាមវិស័យសំខាន់ៗដូចជា៖

* ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរ កាបូប និងស្បែកជើង ឆ្នាំ២០១៩ មានរោងចក្រចំនួន១០៦៩ ខណៈ៣ខែ ដើមឆ្នាំនេះ រោងចក្របើកថ្មីមានចំនួន៣៤ ក្នុងនោះបិទវិញចំនួន៤ រោងចក្រសរុបមានចំនួន១០៩៩។

* ផ្នែកអាហារ ភេសជ្ជៈ និងបារី ឆ្នាំ២០១៩ មានចំនួន១៥៧ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន៦ រោងចក្រសរុបមានចំនួន១៦៣។

* ផ្នែកឧស្សាហកម្មពីឈើ និងផលិតផលពីឈើ (លើកលែងគ្រឿងសង្ហារឹម) ឆ្នាំ២០១៩ មានចំនួន៣៥ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន១ រោងចក្រសរុបមានចំនួន៣៦។

* ផ្នែកផលិតកម្មពីក្រដាស និងក្រដាស និងបោះពុម្ពផ្សេងៗលើកលែងសម្លៀកបំពាក់ ឆ្នាំ២០១៩ មានចំនួន៥៩ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន៤ រោងចក្រសរុបមានចំនួន៦២។

* ផ្នែកឧស្សាហកម្ម គីមី កៅស៊ូ និងប្លាស្ទិក ឆ្នាំ២០១៩ មានចំនួន១៤៣ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន៣ ក្នុងនោះបិទវិញចំនួន១ រោងចក្រសរុបមានចំនួន១៤៥។

* ផ្នែកផលិតកម្មពីរ៉ែអលោហៈ ឆ្នាំ២០១៩ មានរោងចក្រចំនួន៥១ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន៧ រោងចក្រសរុបមានចំនួន៥៨។

* ផ្នែកឧស្សាហកម្ម កែច្នៃលោហៈ ឆ្នាំ២០១៩ មានចំនួន១៤៥ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន១៨ រោងចក្រសរុបមានចំនួន១៦៣។

* ផ្នែកគ្រឿងសង្ហារឹម នៅឆ្នាំ២០១៩ មានចំនួន១៩ ខណៈ៣ខែដើមឆ្នាំ រោងចក្របើកថ្មីមានចំនួន១ រោងចក្រសរុបមានចំនួន២០។

* កម្មន្តសាលការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងម៉ាស៊ីនត្រជាក់រឹម នៅឆ្នាំ២០១៩ មានចំនួន១ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន១ រោងចក្រសរុបមានចំនួន២។

* កម្មន្តសាលផ្សេងៗ នៅឆ្នាំ២០១៩ មានចំនួន៥១ ខណៈ៣ខែដើមឆ្នាំរោងចក្របើកថ្មីមានចំនួន៣ ក្នុងនោះបិទវិញចំនួន១ រោងចក្រសរុបមានចំនួន៥៣។

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះបញ្ជាក់ទៀតថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ដែលធ្លាប់តែពឹងផ្អែកទាំងស្រុង លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ មកដល់បច្ចុប្បន្ននេះកម្ពុជា មានរោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រភេសជ្ជៈ រោងវេចខ្ចប់ចំណីអហារជាដើម។

បើតាមលោក ហេង សុខគង់ ក្នុងឆ្នាំ២០១៩ តម្លៃសរុបបរិមាណផលិតផល ដែលកម្ពុជាផលិតបាន មានចំនួនប្រមាណ១៤,៨៧៥លានដុល្លារកើនឡើងក្នុងរង្វង់ ១៣% បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះតម្លៃសរុបបរិមាណផលិតផលនាំចេញមាន ប្រមាណ១១,១៨៥ លានដុល្លារ កើនឡើងប្រមាណ១៤% និងតម្លៃសរុបបរិមាណផលិតផលលក់ ក្នុងស្រុកមានប្រមាណ ៣,៦៩០លានដុល្លារកើនឡើងប្រមាណ១១%។ វិស័យឧស្សាហកម្ម បានចូលរួមចំណែក ប្រមាណជាង៣០ភាគរយក្នុងសេដ្ឋកិច្ចជាតិ៕