(ភ្នំពេញ)៖ បញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ ពិសេសអ្នករស់នៅតំបន់ជាយរាជធានីភ្នំពេញ ត្រូវបានមន្ដ្រីជំនាញក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អះអាងថា គឺដោយសារតែរាជធានីភ្នំពេញ មានកំណើតសំណង់អគារខ្ពស់ៗយ៉ាងគំហុក ទើបធ្វើឲ្យចរន្ដទឹកនៅតំបន់ជាយរាជធានីភ្នំពេញ ជួបការខ្វះខាតស្ទើររាល់ថ្ងៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងឧស្សាហកម្ម» នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ បញ្ហាខ្វះទឹកស្អាតប្រើប្រាស់សម្រាប់អ្នករស់នៅជាយរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កំពុងដោះស្រាយជាបន្ដបន្ទាប់។
លោក ហេង សុខគង់ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាសំខាន់បំផុត គឺកំណើនសំណង់របស់យើងកើនឡើងលឿនពេក អគារខ្ពស់កើនឡើងលឿនពេក [...] ឥលូវនេះរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កំពុងតែពិនិត្យពិចារណានៅលើចំណុចនេះ ហើយកំពុងតែរិះរកវិធានការធ្វើយ៉ាងណាដើម្បីបង្កើនសម្ពាធ អាចផ្ដល់បន្ថែមសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
ឆ្លើយនឹងសំណួរថា តើរយៈពេលប៉ុន្មានឆ្នាំទៀតទើបបញ្ហានេះត្រូវបានបញ្ចប់? លោក សោម សិទ្ធិ ប្រធាននាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត នៃក្រសួងឧស្សាហកម្ម បានលើកឡើងថា បច្ចុប្បន្នអាងប្រព្រឹត្ដកម្មទឹកស្អាត ដែលកំពុងដំណើរការរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ប្រមាណ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈតម្រូវការមានប្រមាណ៧០ម៉ឺនម៉ែត្រគូប ដូច្នេះទើបធ្វើឲ្យមានការខ្វះខាត។
ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ទៀតថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានផែនការមេច្បាស់លាស់ ដោយនៅពេលនេះកំពុងសាងសង់នូវ អាងប្រព្រឹត្តកម្មថ្មីបន្ថែមទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានសមត្ថភាពផលិតបានទឹកស្អាត ប្រមាណ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូច្នេះនៅពេលបញ្ចប់ចុងឆ្នាំ២០២២ នឹងមានបញ្ហាខ្វះខាតទៀតឡើយ។
លោក សោម សិទ្ធិ បានអះអាងទៀតថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានផែនការមេជាបន្ដបន្ទាប់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកស្អាតនេះ គឺសាងសង់ជាបន្ដបន្ទាប់នូវអាងប្រព្រឹត្តកម្មទឹកស្អាត ដោយនៅក្នុងឆ្នាំ២០៣០ រាជធានីភ្នំពេញ នឹងអាចផលិតទឹកស្អាតបានប្រមាណ១លានម៉ែត្រគូប ក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។
គួរជម្រាបថា បរិមាណផលិតទឹកស្អាតទូទាំងប្រទេស (សាធារណៈ និងឯកជន) កើនដល់ ៣៤៦,៩២១,០១៦ម៉ែត្រគូប ក្នុងឆ្នាំ២០១៩ កើនលើសឆ្នាំ២០១៨ ចំនួន៣៩,១៦៨,៧៥៤ម៉ែត្រគូប។ បរិមាណនេះអាចគ្របដណ្ដប់ក្នុងតំបន់សេវាផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជនទូទាំងប្រទេសជាមធ្យម ៥៦.៣៧ភាគរយ។ ដោយឡែក រាជធានីភ្នំពេញ សម្រេចបានជាង៨៥ភាគរយ។
បើតាមតួលេខដែលក្រសួងឧស្សាហកម្មបានបង្ហាញ បច្ចុប្បន្ននេះអង្គភាពរដ្ឋ និងឯកជន ដែលផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ មានចំនួន២៩០អង្គភាព ហើយតាមផែនការ នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងទទួលបានទឹកស្អាតប្រើប្រាស់៕