(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នានូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួន ដល់សាធារណជន។
ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកនាំមុខគេ ក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះនឹងជួយបំពេញផែនការ របស់ធនាគារ ព្រីនស៍ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជន ដែលមានសក្តានុពលថ្មីៗផងដែរ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានថ្លែងថា «ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងកំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស ហើយអ្នកទាំងអស់នោះកំពុងស្វែងរក នូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការ នៃការរស់នៅរបស់ពួកគេ»។
ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានផ្សេងៗពីគ្នា មានដូចជា៖ ប័ណ្ណ Standard ឬ Classic និងប័ណ្ណPlatinum។ ជម្រើសទាំងនេះ ធ្វើឱ្យអតិថិជនមានភាពងាយស្រួល ក្នុងការជ្រើសរើសផលិតផល ដែលស័ក្តិសមទៅនឹងតម្រូវការ ស្របទៅតាមគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ ដោយបំពេញទៅតាមតម្រូវការរបស់អតិថិជន រាល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានដែលចេញដោយធនាគារ ព្រីនស៍ នឹងផ្តល់ជូនអតិថិជននូវផាសុកភាព និងមានសុវត្ថិភាពខ្ពស់ រាល់ពេលដែលពួកគេធ្វើការបញ្ជាទិញ ពីបណ្តាញទូទាត់ដ៏ធំបំផុតពីរ នៅលើពិភពលោក។
ម៉ាស្ទ័រ និងវីសា ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដែលត្រូវបានរចនាឡើង សម្រាប់ការបញ្ជាទិញ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណែត និងនៅតាមហាងទំនិញនានា ទូទាំងពិភពលោក។ អតិថិជនអាចទាញយក អត្ថប្រយោជន៍ពីភាពជាដៃគូ ការធ្វើបច្ចុប្បន្នភាព និងបទពិសោធន៍ផ្សេងៗបន្ថែមទៀតដូចជា ការផ្តល់ជូនពិសេសពីហាងទំនិញ ភោជនីយដ្ឋានលំដាប់ពិភពលោក សណ្ឋាគារ និងរមណីយដ្ឋាននានា ដោយគ្រាន់តែប្រើប្រាស់កាតរបស់ពួកគេតែប៉ុណ្ណោះ។
លោក ហ៊ន់ សុរចនា បានសង្កត់ធ្ងន់លើភាពច្នៃប្រឌិតថ្មី នៃប្រព័ន្ធឌីជីថលរបស់ធនាគារ ជាមួយនឹងការផ្តល់ជូននូវប័ណ្ណថ្មីៗនេះថា «យើងមានគោលបំណង ក្នុងការក្លាយខ្លួនជាធនាគារឌីជីថល ដែលល្អបំផុត និងមានរីកចម្រើនលឿនបំផុតនៅកម្ពុជា តាមរយៈការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍគម្រោងឌីជីថលរបស់យើង។ អ្នកកាន់ប័ណ្ណម៉ាស្ទ័រ និងវីសា អាចធ្វើប្រតិបត្តិការ តាមដាន និងទូទាត់ប្រាក់តាមរយៈបណ្តាញឌីជីថល ដែលមានដូចជាសេវាធនាគារ តាមទូរស័ព្ទដៃរបស់ធនាគារ ព្រីនស៍។
លោកបន្តថា អតិថិជននឹងទទួលបានព័ត៌មានលម្អិតចុងក្រោយ ស្តីអំពីការបញ្ជាទិញរបស់ពួកគេ ជាមួយនឹងការជូនដំណឹងតាមរយៈសារ SMS ទៅកាន់ទូរស័ព្ទរបស់ពួកគេដោយផ្ទាល់ផងដែរ។ លក្ខណៈពិសេសទាំងនេះ នឹងជួយឱ្យអតិថិជនរបស់ យើងផ្លាស់ប្តូរទៅជាអ្នកប្រើប្រាស់ប្រព័ន្ធដែលមិនប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ និងទូទាត់បែបឌីជីថល ព្រោះថាធនាគារ ព្រីនស៍ កំពុងខិតខំអភិវឌ្ឍដំណោះស្រាយតាមបែបធនាគារឌីជីថល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយផ្តល់នូវបទពិសោធន៍ធនាគារ កាន់តែងាយស្រួលជាងមុនជូនដល់អតិថិជនរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ណាមួយ ឬក៏ទំនាក់ទំនងមកកាន់លេខ 1800-20-8888។ បុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង នឹងនៅឆ្លើយតបរាល់តម្រូវការ របស់លោកអ្នក ២៤ម៉ោងលើ២៤ ៧ថ្ងៃក្នុង១សប្តាហ៍៕