(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធទទួលផលចោរកម្ម និងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា ចំពោះការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីនេះ បានធ្វើឡើង ក្រោយពីកម្លាំងរបស់ការិយាល័យជុំនាញរបស់លោក បានតាមស្រាវជ្រាវឃាត់ខ្លួនពួកគេបានម្នាក់ ពីបទទទួលផលចោរកម្ម និងម្នាក់ទៀតពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៦២ «ឋ» ដ.ច.ន ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ចេញដោយលោក ម៉ម ចន្ទ័វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៤៧ «ឈ» ដ.ច.ន ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ថា ការតាមស្រាវជ្រាវឃាត់ខ្លួនពួកគេទាំង២នាក់នេះ គឺបានអនុវត្តឡើងក្រោមការស្រាវជ្រាវ នៅ២ទីតាំងផ្សេងគ្នា ដោយជុំហ៊ានដំបូងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទទទួលផលចោរកម្ម ស្ថិតនៅចំណុច ផ្លូវលេខ២០០៧ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ នាវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនពីបទទទួលផលចោរកម្ម, កម្លាំងរបស់ការិយាល័យជុំនាញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាវេលាម៉ោង០៧៖១៥នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
លោក ប៊ុន សត្យា ក៏បានឲ្យដឹងផងដែរថា ជនសង្ស័យដែលឃាត់ខ្លួនបានតាមដីកាបង្គាប់ពីបទទទួលផលចោរកម្ម ដែលបានប្រព្រឹត្តនៅចំណុចខាងក្រោយផ្សារទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានឈ្មោះ សែម កែវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
លោកថា ម្នាក់ទៀតជាប់ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺឃាត់ខ្លួនបានតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដូចគ្នា មានឈ្មោះ ជួង ប៉ែត ហៅ ពូអាត ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ៕