(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជាឧបករណ៍បាញ់សម្លាប់មេរោគ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន៤ឈុត ដើម្បីផ្តល់ជូនដល់វិទ្យាស្ថានជាតិអប់រំពិសេស (មណ្ឌលគរថ្លង់គ្រួសារថ្មី) អគារផ្កាម្លិះ ចិត្តសាស្រ្តសង្គម១ឈុត, តន្រ្តីជនពិការចាបតូ១ឈុត និងមជ្ឈមណ្ឌលឱកាសខ្ញុំ១ឈុត នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកស្រី មុំ ចាន់ដានី បានផ្តាំផ្ញើពីលោក ឃួង ស្រេង នូវការនឹករលឹកក្នុងពេលដែលលោក មានភាពមមាញឹកខ្លាំង ក្នុងការងារបំរើ ប្រជាជន ក្នុងរាជធានីភ្នំពេញ និងបានផ្ដាំផ្ញើជូនទៅមណ្ឌលថែទាំកុមារ ជនងាយរងគ្រោះទាំងអស់ សូមបន្តការចូលរួមទប់ស្កាត់ COVID-19 តាមរយៈការណែនាំរបស់ ក្រសួងសុខាភិបាល ធ្វើយ៉ាងណាឲ្យបងប្អូនយើង ត្រូវមានអនាម័យជាប្រចាំ ដោយលាងដៃនិងសាប៊ូ រឺទឹកអាល់កុល សំអាតទីកន្លែងរស់នៅឲ្យបានស្អាតជាប្រចាំ។
តំណាងមណ្ឌលទាំង៤នោះ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត និងដឹងគុណដល់សម្ដេចតេជោ នាយករដ្នមន្ត្រីនៃកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា ដែលសម្តេច បានដាក់ចេញនូវកម្មវិធីបង្ការទប់ស្កាត់កូវីដ១៩នេះ ដើម្បីស្រោចស្រង់អាយុជីវិត យើងទាំងអស់គ្នា និងគោរពថ្លែង អំណអរគុណផងដែរ ដល់លោក ឃួង ស្រេង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ទៅដល់ជនរងគ្រោះ ជនងាយរងគ្រោះ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋទូរទាំងប្រទេស និងជាពិសេសប្រជាជន ក្នុងរាជធានីភ្នំពេញតែម្តង៕