(ត្បូងឃ្មុំ)៖ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងស្រុកអូររាំងឳ លោកមេឃុំព្រះធាតុ នគរបាលស្រុក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានសហការគ្នាចុះពិនិត្យឯកសារនានា និងពិនិត្យសុខភាពជនជាតិចិនចំនួន ៥នាក់ ក្នុងនោះស្រី ២នាក់ ដែលបានមកស្នាក់នៅ និងបម្រើការងារនៅរោងចក្រកែច្នៃចេក ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូពាមជាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជនជាតិចិនទាំង ៥នាក់នេះមានឈ្មោះ និងកាន់ឯកសារលិខិតឆ្លងដែនរួមមាន៖
*ទី១៖ ឈ្មោះ CHEN.ZHIQIANG មកពីខេត្ត JILIN ចូលមកកម្ពុជាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០
*ទី២៖ ឈ្មោះ QIN.WEIDONG មកពីខេត្ត HEILONGJIANG ចូលមកកម្ពុជា ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
*ទី៣៖ ឈ្មោះ CHEN.HANCHAO មកពីខេត្ត JILIN ចូលមកកម្ពុជាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០
*ទី៤៖ ឈ្មោះ ZHOU.QI មកពីខេត្ត SHANDONG ចូលមកកម្ពុជាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
*ទី៥៖ ឈ្មោះ JIN.HONGFENG មកពីខេត្ត HEILONG JIANG ចូលមកកម្ពុជាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ផុតសុពលភាពថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ការចុះត្រួតពិនិត្យនេះ ដើម្បីធានាថា ជនជាតិចិនទាំង៥នាក់នេះ មកដោយស្របច្បាប់ មានលិខិតឆ្លងដែនត្រឹមត្រូវ មិនស្នាក់នៅហួសកាលកំណត់ ជាពិសេសនោះ ឲ្យដឹងច្បាស់ថា មានផ្ទុកជំងឺកូវីដ១៩ដែរឬអត់ គឺដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាល ការពារការឆ្លងបន្ត ក្នុងករណីពិនិត្យឃើញមានផ្ទុកវីរុសកូរ៉ូណា។
ក្រោយពីអាជ្ញាធរ មន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលធ្វើការសហការចុះត្រួតពិនិត្យ និងតេស្តសុខភាពរួចមក ជាលទ្ធផលឃើញថា ជនជាតិចិនទាំង ៥នាក់នេះ មានឯកសារគ្រប់គ្រាន់ និងសុខភាពមកដល់ពេលនេះមិនមានអ្វីគួរអោយកត់សំគាល់ទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅតែតាមសង្កេតសុខភាពជនជាតិចិនទាំង ៥នាក់នេះជាបន្តទៀតផងដែរ៕