(ភ្នំពេញ)៖ ដើម្បីជំរុញអ្នកចិញ្ចឹមសត្វ និងចិញ្ចឹមត្រី បានដឹងពីកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារ ដើម្បីគំាទ្រដល់សិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មនោះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយ ដើម្បីឲ្យពួកគាត់ចាប់យកឱកាសនេះ ស្នើសុំឥណទានយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។
កិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ដែលនៅពេលព្រឹក រៀបចំឡើងនៅអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ដោយមានអ្នកចូលរួមពីអ្នកចិញ្ចឹមសត្វ និងតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រោមការសម្រសម្រួលពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ និងពេលរសៀលធ្វើឡើងនៅរដ្ឋបាលជលផល ដោយមានការចូលរួមពីអ្នកចិញ្ចឹមត្រី ក្រុមហ៊ុនកែច្នៃត្រី និងដៃគូអភិវឌ្ឍវារីវប្បកម្មដែលពាក់ព័ន្ធ ក្រោមការសម្រសម្រួលពី លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល។
លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានបង្ហាញអំពីតួរនាទី របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសនេះ ផ្ដល់ឥណទានដែលមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម ក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩។
លោកអគ្គនាយកក៏បានលើកឡើងអំពីការកំណត់លក្ខខណ្ឌតម្រូវមួយចំនួន ដល់ម្ចាស់សហគ្រាស និង/ឬកសិដ្ឋានគោលដៅ ដើម្បីអាចទទួលបានឥណទាន ដែលមានអត្រាការប្រាក់ទាប៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦.៥ភាគរយប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) រួមមាន៖ គម្រោងពង្រីកអាជីកម្មរួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល និង/ឬ ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម។
ឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុលដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ)ផងដែរ។
ជាមួយគ្នានេះដែរ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានថ្លែងអំណរគុណដល់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នូវគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជាពិសេសដល់អ្នកចិញ្ចឹមសត្វ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកចិញ្ចឹមត្រី ក្រុមហ៊ុនកែច្នៃត្រី និងដៃគូអភិវឌ្ឍវារីវប្បកម្មដែលពាក់ព័ន្ធផងដែរ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទាន សម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៨៨១ ៩៦៩៕