(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង លើកទី៣ ស្ដីពី ការងារឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) ដែលបានធ្វើឡើងនៅ ទីស្ដីការក្រសួង។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំនៅព្រឹកនេះនឹងលើកពិភាក្សា ស្ដីពីការគ្រប់គ្រងសម្ភារបរិក្ខារ និងការគ្រប់គ្រងថវិកា សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩, បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩, ការវាយតម្លៃ និងការឆ្លើយតប ក្នុងករណីមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕