(ភ្នំពេញ)៖ ក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានបើកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងអង្គភាពរបស់កងទ័ពមួយចំនួន ដែលការបាញ់ថ្នាំសម្លាប់មេរោគនេះ ជាការចូលរួមចំណែកក្នុងការរួមគ្នាទប់ស្កាត់ និងការពារ COVID-19។
មន្ដ្រីក្រុម សង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានឲ្យដឹងថា ការបាញ់ថ្នាំសម្លាប់មេរោគនេះ ធ្វេីឡេីងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។
ទីតាំងអង្គភាពកងទ័ព ដែលបានបាញ់ថ្នាំសម្លាប់មេរោគនោះរួមមាន នៅបញ្ជាការដ្ឋានរបស់កងពលតូច៧០, នៅខេត្តកំពង់ស្ពឺ មានសាលានាយទាហានសកម្មសាលាពលទាហានទី៣ វិទ្យាស្ថានកងទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក, នៅខេត្តកំពង់ឆ្នាំង មានសាលាពលទាហានភូមិភាគពិសេស, នៅខេត្ត បាត់ដំបង សាលាពលទាហានទី៥ សាលាហ្វឹកហ្វឺនមរតកតេជោ (វាលចាប), នៅខេត្ត តាកែវ បញ្ជាការ ដ្ឋាន វិស្វកម្មកងទ័ពជើងគោក និងនៅខេត្ត សៀមរាប សាលាពលទាហានទី៤ សាលាហ្វឹកហ្វឺន កងពលធំលេខ២, សាលាហ្វឹកហ្វឺនភ្នំធំម្រះព្រៅ (វរសេនាតូចលេខ៤), មណ្ឌលសុខភាព មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាំងអំពិល និងវរសេនាតូចលេខ៣ (ត្មាតពង) ស្ថិតនៅក្នុងខេត្តកំពងស្ពឺ, នៅសាលាពលទាហានទី១ យោធភូមិភាគទី១ ស្ទឹងត្រែង និងនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ស្ទឹងត្រែង។
សូមជម្រាបថា ការបាញ់ថ្នាំសម្លាប់មេរោគនេះ នឹងធ្វេីបន្តរហូតស្ថានភាពនៃការរីករាលដាលជំងឺ COVID-19 មានការថមថយ។
ទោះជាយ៉ាងណាក៏ដោយ ការបាញ់ថ្នាំសម្លាប់មេរោគនេះតែមួយមុខមិនមែនមានន័យថា ការពារ ជំងឺ COVID-19 ទាំងស្រុងនោះទេ លុះត្រាតែទាមទារឲ្យបន្តរស់នៅស្អាត មានអនាម័យ លាងដៃនឹងទឹកសាប៊ូ ឬអាល់កុលសម្លាប់មេរោគ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ។
គួរជម្រាបថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ កងពលតូចលេខ៧០ បានប្រគល់ម៉ាស៉ីនបាញ់ថ្នាំ និងទឹកថ្នាំបាញ់សម្លាប់មេរោគ ឲ្យដល់អង្គភាពមួយចំនួន រួមមាន៖
* ការិយាល័យសុខាភិបាលបញ្ជាការដ្ឋានកងទ័ពជើងគោក
* ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ
* បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
* បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
* បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម
* យោធភូមិភាគទី១
* យោធភូមិភាគទី២៕