(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា គិតមកដល់ពេលនេះ មានពលករខ្មែរធ្វើការងារនៅក្រៅប្រទេសជាង ៨ម៉ឺននាក់ បានធ្វើមាតុភូមិនិវត្តន៍ ហើយក្នុងចំណោមពលករទាំងនោះមាន ៤០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ត ប៉ុន្តែមិនទាន់រកឃើញថា ឆ្លងជំងឺកូវីដ១៩ឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំពិគ្រោះ យោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវ ការរយៈ ពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាល ដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា នៅពេលដែលពលករខ្មែរចូលដល់ព្រំដែនភ្លាមៗ ភាគីពាក់ព័ន្ធទាំងអស់បានចុះ ពិនិត្យ និងសួរប្រវត្តិពួកគាត់ ព្រមទាំងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។
លោកស្រីបានបន្តថា នៅពេលមកដល់ព្រំដែន ពេលមានពលករណាម្នាក់មានកម្តៅខុសពីធម្មតា តម្រូវឲ្យពួកគាត់ស្ថិតនៅការតាមដានបន្ដ ពោលមិនត្រូវអនុញ្ញាតឲ្យពួកគាត់ ធ្វើដំណើរបន្តទៅស្រុក ទៅភូមិទេ។ លោកស្រីថ្លែងថា មានជាបន្ដបន្ទាប់ ដែលអាជ្ញាធរស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែនត្រូវពិនិត្យពលករបន្ថែម ដើម្បីយក សំណាកក្នុងការពិនិត្យ។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងការ ផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល គឺមានជាង៤០០នាក់ ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ។ ប៉ុន្ដែមកដល់ពេលនេះ ការចេញលទ្ធផលជាបន្ដបន្ទាប់ ដូចជាមិនទាន់រកឃើញថា អ្នកដែលមានឆ្លងមេរោគកូវីដ១៩ នៅឡើយទេ»។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានសំណូមពរដល់ពលករទាំងអស់ដែលទើបធ្វើមាតុភូមិនិវត្តន៍ សូមមេត្តាកុំអាលវិលត្រឡប់ ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅទាំងនោះ មានអត្រាឆ្លងជំងឺកូវីដ១៩ ខ្ពស់ជាងកម្ពុជាយើងទៅទៀត។ អញ្ចឹង ប្រសិនបើពួកគាត់ វិល ត្រឡប់ ទៅពេលនេះ អាចនឹងជួបហានិភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងការចល័ត និងការបិទព្រំដែនដែរ។
លោកស្រី ជូ ប៊ុនអេង ថែមទាំងបានអំពាវនាវ និងលើក ទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុង គ្រួសារ បន្ថែម ទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែល កម្ពុជាកំពុង ជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕