(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយទៅប្រធានអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ដោយបញ្ជាក់ថា ក្រសួងសម្រេចផ្អាកសកម្មភាពអង្គការនេះ ជាបណ្តោះអាសន្នរយៈពេល ៩០ថ្ងៃសិន។
បើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មូលហេតុនៃការសម្រេចផ្អាកសកម្មភាពនេះ ដោយសារក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងប្រការ៨ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងពុំបានបំពេញ កាតព្វកិច្ចតាមការកំណត់ ក្នុងបញ្ញត្តិនៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និងធ្វើឲ្យមានការយល់ច្រឡំ ជាមួយនឹងសមត្ថកិច្ច។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតដដែលថា៖ «អនុលោមតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពរបស់ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្នក្នុងរយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ទន្ទឹមនឹងនេះ អង្គការត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនី និងអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់នូវរបាយការណ៍ បូកសរុបលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ»។
ក្នុងករណីមិនអនុវត្តន៍តាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕