(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានទទួលជួបលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ដើម្បីសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិនិត្យឡើងវិញ លើជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជាពិសេសស្ថិតក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លងសកលកូវីដ-១៩ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ដើម្បីរក្សានិរន្តរភាពនៃជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ក្នុងបរិបទនេះ លោក Kang បានសម្តែងនូវចេតនា ចង់ពិភាក្សាជាមួយលោករដ្ឋមន្រ្តីផងដែរ ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលីថា តើត្រូវធ្វើយ៉ាងណាដើម្បីជួយគាំទ្រ និងចូលរួមដោះស្រាយបញ្ហានេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈការអនុវត្តគម្រោងជាច្រើន ជាពិសេសគម្រោង ស្តីពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC, ២០១៦-២០២១) ដែលគម្រោងនេះ បាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម។
លោកបានបន្តថា គម្រោងទាំងអស់នេះ ពិតបានចូលរួមលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារធានាសន្តិសុខស្បៀង បង្កើនការនាំចេញប្រកួតប្រជែង សំដៅលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ និងជាពិសេសស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឱ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្ម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ព្រមជាមួយគ្នាត្រូវឆ្លៀតយកឱកាសនេះ បង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ក្នុងបំណងច្បាមយកកាលានុវត្តភាព បង្កើនផលិតភាពផលិតកម្ម ធានាដល់ការផ្គត់ផ្គង់ស្បៀង សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពល រដ្ឋ និងសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានឯកភាព និងយល់ស្របតាមអ្វី ដែលលោករដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករ ដែលស្ថិតក្នុងគោលដៅរបស់គម្រោងបាន និងកំពុងមានការកែប្រែជាវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល ស្តែងចេញឲ្យឃើញតាមរយៈពួកគាត់មានរបររឹងមាំ បង្កើនរដូវដាំដុះ និងបង្កើនទិន្នផល និយាយរួមស្ថានភាពជីវភាពគ្រួសារ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។
ម៉្យាងវិញទៀត អ្វីដែលលោករដ្ឋមន្រ្តីបានលើកឡើង ពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការយុទ្ធស្រាយ នៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះ ផ្តោតជាសំខាន់លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិកម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិតភាពការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម។
ឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានល្អប្រសើរឡើងវិញ លោកនឹងចុះទៅតាមបណ្តាខេត្តគោលដៅ របស់គម្រោងដើម្បីធ្វើការវាយតម្លៃ លើតម្រូវការជាក់ស្តែង ជាពិសេសលើផលិតកម្មស្រូវ។
ជាថ្មីម្តងទៀត តាមរយៈឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីក ចម្រើនប្រកបដោយនិរន្តរភាព ហើយជាពិសេសវិស័យកសិកម្មបន្ទាប់ ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ ត្រូវបានល្អប្រសើរ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនារសៀលនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សាផងដែររួមមាន៖ ស្ថានភាពសុវត្ថិភាពស្បៀង បន្ទាប់ពីជំងឺកូវីដ១៩, ការធ្វើកសិកម្មតាមកិច្ចសន្យា, ការអភិវឌ្ឍវិស័យវារីវប្បកម្ម, ការនាំចេញអង្ករក្រអូប ទៅកាន់ប្រទេសអូស្រ្តាលី, ការគ្រប់គ្រងសត្វល្អិតចង្រៃ, ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកសិកម្មតាមរយ:ការផ្តល់អាហារូបករណ៍ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច។ល៕