(ព្រះសីហនុ)៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំ (ក.ប.ប) សាខាខេត្តព្រះសីហនុ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ តម្លៃប្រងឥន្ធនៈ ធ្វើតេស្តបឋមលើគុណភាពអាល់កុល អង្កេតតម្លៃ លក់ម៉ាស់ និងជែលលាងដៃ ឱសថស្ថាន ហាងទំនិញ និងតាមបណ្ដាស្ថានីយ៍ប្រេង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំ (ក.ប.ប) សាខាខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញ រកពុំឃើញ ភាពមិនប្រក្រតីណាមួយ នៅក្នុងឱសថស្ថានទាំងនោះឡើយតែបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន០២កន្លែង ទី១៖ ស្ថានីយ៍ លីមលុង ដាក់តម្លៃលើសប្រកាស, ២៖ ស្ថានីយ៍ សូគីមិច ពុំមានដាក់តម្លៃលក់។
ម្ចាស់ស្ថានីយ៍ទាំងពីរកន្លែង បានយល់ព្រមកែសម្រួល តាមការណែនាំរបស់មន្រ្តីជំនាញ។
ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បានរកឃើញ ការដាក់តាំងលក់ ទំនិញខូចគុណភាពហួស កាលបរិច្ឆេទ នៅម៉ាត របស់លោក តាន់ ឃុនឆាយ រួមមាន ១៖ ស្ករកាហ្វេ KOPIKO ចំនួន០៨ប្រអប់ ស្មើនឹង១.៧៣គីឡូក្រាម, ២៖ កូកាកូឡា ចំនួន៥១ដប ស្មើនឹង១៧.៨៥គីឡូក្រាម, ៣៖ សុកូឡាចេក LOTTE ចំនួន ១០ដប ស្មើនឹង០.៣៧ គីឡូក្រាម សរុបទំនិញដកហូត បានចំនួន១៩.៩៥គីឡូក្រាម។
ក្រោយធ្វើកំណត់ហេតុដកហូត មន្រ្តីជំនាញបានយកមករក្សាទុក នៅសាខា ដើម្បីដុតកំទេចចោលទៅតាមនីតិវិធី និងបានណែនាំ អប់រំបន្ថែមដល់អាជីវករទាំងអស់ សូមធ្វើការត្រួតពិនិត្យ ទំនិញរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ និងចូលរួមសហការអនុវត្ត ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តិបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹងច្បាប់ស្តីពី «ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» និងច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»៕