(មណ្ឌលគិរី)៖ «ការចិញ្ចឹមសត្វ ការដាំដុះដំណាំ រួមផ្សំបន្លែបង្ការផ្សេងៗបន្ថែម កុំទុកដីឲ្យនៅទំនេរធ្វើឲ្យជីវភាពបងប្អូនកាន់តែប្រសើរឡើង»។ ការលើកឡើងបែបនេះ ខណៈអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រាប់ពូជដំណាំសណ្តែកបាយ រួមទាំងសម្ភារការពារមេរោគកូវីដ១៩ ចែកជូនដល់កសិករចំនួន ១០០គ្រួសារនៅវត្តអូរធែល ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
លោក ស្វាយ សំអ៊ាង បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យ បង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានលក្ខណៈល្អប្រសើរ។ ដូច្នេះមន្ទីរកសិកម្ម បានរៀបចំចែកគ្រាប់ពូជដំណាំជូនដល់កសិករ ក្នុងការផ្សារភ្ជាប់ ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានគ្រាប់ពូជដំណាំល្អ និងយកទៅដាំដុះតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម ដើម្បីទទួលបានទិន្នផលល្អ។
លោកអភិបាលខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះ ត្រូវយកគ្រាប់ពូជដំណាំទាំងនេះទៅដាំដុះ ឱ្យទាន់ពេលវេលា ព្រោះរដូវស្សាក៏កាន់តែខិតជិតមកដល់ហើយ ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវការដាំដុះនូវដំណាំផ្សេងៗ ចៀសវាងទុកដីទំនេរចោល ជាពិសេសក៏ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈ សមរម្យ។
ជាមួយគ្នានេះ អភិបាលខេត្ត បានក៏បានណែនាំដល់ប្រជាពលរដ្ឋដែលជាកសិករថា ដោយស្ថានភាពបច្ចុប្បន្ននេះជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែលជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាព ឱ្យបានត្រឹមត្រូវផងដែរ។
តាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សុង ឃាង, ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវវស្សា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តែងតែសហការ ជាមួយអាជ្ញាធរស្រុក បានធ្វើការចែកគ្រាប់ពូជដំណាំ ជូនដល់ប្រជាកសិករនៅទូទាំងខេត្ត។ ជាក់ស្តែងដំណាំគ្រាប់ពូជសណ្តែកបាយ ដែលចែកជូនដល់ប្រជាកសិករនៅភូមិចំនួន ០៤ក្នុងឃុំពូជ្រៃ មានចំនួន ១០០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជសណ្តែកបាយចំនួន ៣គីឡូក្រាម រួមទាំង ម៉ាសការពារ សាប៊ូ ១ដុំ អាវយឺត និងខិតប័ណ្ណស្តីពីវិធីសាស្រ្ត ដើម្បីការពារ វីរុសកូវីដ១៩ផងដែរ។
នាឱកាសនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងក្រុមការងារ បាននាំយកបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃគង់នៅវត្តអូរធែល ដើម្បីចាត់ចែងដោះស្រាយការខ្វះខាតនៅក្នុងវត្តអារាម ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ហើយរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត រួមទាំងក្រុមការងារ បានចុះពិនិត្យមើលការដាំដុះដំណាំនានារបស់កសិករឈ្មោះ មុយ រ៉ាដូ នៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា និងពិនិត្យទីតាំងនៅអនុវិទ្យាល័យ ទួលព្រីង សម្រាប់ត្រៀមទុកដាក់ពលករដែលមកពីក្រៅប្រទេស ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕