(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងខិតខំទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។
ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការអាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។
ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរដ៏ពេញនិយមនៅកម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់ដំណោះស្រាយមួយជូនដល់អាជីវករចំពោះបញ្ហានេះ ដោយក្រុមហ៊ុន បានបើកឱ្យដំណើរការនូវសេវាដឹកជញ្ជូន TADA Delivery សម្រាប់ជួយឱ្យអាជីវករអាចបន្តផ្គត់ផ្គង់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួនបាន នៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ។
ជាផ្នែកមួយនៃការបើកដំណើរការសេវានេះ ក្រុមហ៊ុន TADA នឹងបើកបម្រើសេវាកម្មនេះជូនដល់អាជីវករប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ។
ដើម្បីប្រើប្រាស់សេវានេះ អាជីវករគ្រាន់តែចុះឈ្មោះងាយៗ ដោយផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទឬផ្ញើសារទៅកាន់គណនី Telegram របស់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ៖ 061555643 ឬ 010555643។ សូមបញ្ជាក់ផងដែរថា សេវានេះ ចាប់បើកដំណើរការ ចាប់ពីសប្តាហ៍នេះតទៅ។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា “ហេតុផលដែលយើងបើកនូវសេវាកម្មដឹកជញ្ជូននេះ គឺយើងចង់ធ្វើការគាំទ្រមិនត្រឹមតែ អ្នកបើកបរប៉ុណ្ណោះទេ គឺយើងចង់គាំទ្ររហូតទៅដល់អាជីវករ និងអាជីវកម្មក្នុងស្រុករបស់យើង ដែលកំពុងជួបការលំបាក នៅក្នុងពេល កូវីដ-១៩ ព្រោះអាជីវករភាគច្រើនមិនមានលទ្ធភាព ក្នុងការជួលសេវាដឹកជញ្ជូនដោយផ្ទាល់ខ្លួននោះទេ”។
ក្រុមហ៊ុន នឹងផ្ដល់ឱ្យគាត់ក្នុង រយៈពេល ១ខែ ក្នុងការដឹកជញ្ជូនឱ្យគាត់ ដោយឥតគិតថ្លៃក្នុង ទីក្រុងភ្នំពេញ អញ្ចឹងសង្ឈឹមថាការផ្ដល់ជូនដោយឥតគិតថ្លៃនេះ អាចជួយអាជីវករម្មគាត់ និងការទំនាក់ទំនងឡើងវិញជាមួយអតិថិជនរបស់គាត់។
សេវា TADA Delivery ដំណើរការដោយប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនតាមអនឡាញដ៏ទំនើបមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងអាចជួយឱ្យអាជីវករកក់និងពិនិត្យមើលលំហូរនៃការដឹកជញ្ជូនទំនិញរបស់ពួកគាត់បានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះ ក៏ជួយឱ្យអាជីវករអាចគ្រប់គ្រងការបង់ប្រាក់ថ្លៃទំនិញរបស់ខ្លួនបានផងដែរ ទាំងការទូទាត់ជាក្រដាសប្រាក់ និងទូទាត់តាមគណនី ដោយថវិកានោះនឹងត្រូវទទួលជំនួស ដោយអ្នកបើករឺម៉កកង់បី ។
អាជីវករដែលបានចុះឈ្មោះរួច បានឱ្យដឹងថា សេវាTADA Deliveryផ្ដល់ជំនួយបានច្រើនដល់អាជីវកម្មរបស់ពួកគាត់។
កញ្ញា ភា ស្រីម៊ុម អ្នកតំណាងហាងលក់សម្ភារកីឡា Lifeshion បានឱ្យដឹងថា៖ “តាំងពីពេលកូវីដ-១៩ ការលក់នូវឧបករណ៍ហាត់ប្រាណមានការធ្លាក់ចុះ ហើយភ្ញៀវក៏មិនហ៊ានដើរចូលមកហាងផ្ទាល់ដែរ អញ្ចឹងដើម្បីបម្រើដល់អតិថិជន យើងមានការសហការណ៍ជាមួយ នឹងក្រុមហ៊ុន TADA សម្រាប់ការ Deliveryជូនភ្ញៀវ ដែលជាសេវាកម្មរហ័សទាន់ចិត្ត”។
រីឯសម្រាប់អ្នករត់រឺម៉កកង់បី ដែលជាកម្លាំងស្នូលនៃសេវា TADA Delivery វិញ ពួកគាត់យល់ឃើញថា សេវានេះពិតជាអាចជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់ បានមួយកម្រិតដែរ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
លោក ជីម ប៉ូលី បានបន្ថែមថា “នេះគឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែក ក្នុងការសំរេចនូវចក្ខុវិស័យរបស់យើង ថាយើងមិនត្រឹមតែអាចជួយដៃគូរបើកបររបស់យើងតែប៉ុណ្ណោះទេ យើងចង់ជួយដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូររកសុីជាមួយយើងទាំងអស់គ្នា ជាពិសេសហ្នឹងគឺ ចង់បន្ថែមទៅលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើម៉េច ស្ដារលទ្ធភាពសេដ្ឋកិច្ចយើងឱ្យដូចដើមវិញ”។
មិនតែប៉ុណ្ណោះសេវាកម្មរបស់ក្រុមហ៊ុន នៅមានច្រើនទៀត ដែលនឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ៕