(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា ការរិះគន់របស់បណ្តាប្រទេសលោកខាងលិច លើច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសស្ថិតក្នុងគ្រាមានអាសន្ន» គឺជាការរិះគន់បែបអយុត្តិធម៌បំផុត សម្រាប់ប្រទេសកម្ពុជា ខណៈបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក បានអនុវត្តន៍ច្បាប់នេះយ៉ាងតឹងរឹងបំផុត ចំពោះប្រជាជនខ្លួនក្នុងគ្រាមានអាសន្ន។
ការលើកឡើងបែបនេះ របស់លោក ជិន ម៉ាលីន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាវិគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានឱ្យដឹងថា បើមើលទៅលើគោលការណ៍ការអនុវត្តន៍ជាអន្តរជាតិ និងបញ្ញាត្តិច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ការរិតត្បិតនេះ មិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ កន្លងមកមានការចោទប្រកាន់ថា ការរិតត្បិតនេះជាការរំលោភបំពានសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែបើផ្អែកទៅលើបញ្ញាត្តិសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាសិទ្ធិមនុស្សជាតិ រួមទាំងការអនុវត្តន៍អន្តរជាតិ ការរិតត្បិតនេះ មិនមែនជារំលោភបំពានសិទ្ធិមនុស្សនោះទេ ក៏ប៉ុន្តែ វាជាវិធាការណ៍ចាំបាច់បំផុត ដើម្បីការពារនូវប្រយោជន៍សាធារណៈជាដើម។
ត្រង់ចំណុចនេះដែរ លោក ជិន ម៉ាលីន បានបន្តថា បើក្រឡេកទៅលើលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ វាអត់មានអីធំជាង សេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស និងកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ ហើយបើមើលទៅលើបញ្ញាតិ្តទាំងពីរនេះ ជាពិសេសត្រង់មាត្រា ៤ នៃកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺក្នុងស្ថានភាពគ្រាអាសន្ន គេអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដាក់ចេញនូវវិធានការណ៍ ដែលជាការរិតត្បិតសិទ្ធិសេរីភាពមួយចំនួន របស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ក្នុងគោលដៅការពារប្រយោជន៍សាធារណៈ ហើយច្បាប់អន្តរជាតិ បានអនុញ្ញាតក្នុងកាលៈទេសៈបែបហ្នឹង គឺអាចដាក់ចេញនូវវិធានការនៃការរិតត្បិត ក៏ប៉ុន្តែដើម្បីបម្រើនូវប្រយោជន៍សាធារណៈ ការពារអាយុជីវិត សុខភាពរបស់ប្រជាពលរដ្ឋ ការពារសន្តិសុខជាតិសាធារណៈ ការពារទ្រព្យសម្បត្តិ និងបរិស្ថាន របស់ជាតិ។
លោក ជិន ម៉ាលីន បានលើកឡើងយ៉ាងដូច្នេះថា៖ «ផ្អែកទៅលើការនុវត្តន៍ជាទូទៅ ក្នុងកាលៈទេសៈបែបនេះ បណ្តាប្រទេសមួយចំនួន បានដាក់ចេញនូវវិធានការដែលជាការរិតត្បិតសិទ្ធិសេរីភាព នៅពេលដែលប្រទេសរបស់គេត្រូវបានដាក់ នៅក្នុងភាពមានអាសន្ន អញ្ចឹងសួរថាតើ ការដាក់ចេញវិធានការរិតត្បិតរបស់ប្រទេសទាំងអស់នោះ ជារំលោភបំពានសន្ធិមនុស្សដែរ ឬទេ? ការអនុវត្តរបស់កម្ពុជា អត់មានអីខុសពី បណ្តាប្រទេសទាំងអស់នោះទេ ក្នុងកាលៈទេសៈបែបនេះ គឺតម្រូវឱ្យមានការដាក់ចេញនូវវិធានការមួយចំនួន ដែលជាការរិតត្បិតសិទ្ធិសេរីភាព ក៏ប៉ុន្តែ ដើម្បីបម្រើប្រយោជន៍សាធារណៈ ដើម្បីសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ អញ្ចឹងបណ្តាប្រទេសដទៃទៀត គេធ្វើបានដាក់ចេញវិធានការណ៍ ក្នុងការរិតត្បិតបានហេតុអីក៏កម្ពុជា មិនអាចមានច្បាប់ ហើយដាក់ចេញវិធានការណ៍រិតត្បិត ដើម្បីការពារអាយុជីវិត និងប្រយោជន៍របស់ជាតិកម្ពុជាបាន នេះជាការចោទប្រកាន់ដែលមានភាពលំអៀង និងអយុត្តិធម៌សម្រាប់កម្ពុជា»។
លោក ជិន ម៉ាលីន បានបន្តថា ប្រសិនបើក្រឡេកទៅមើលច្បាប់ ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» របស់បណ្តាប្រទេស ដទៃទៀតនៅលើពិភពលោក តើមានច្បាប់ណាដែលមិនមានការរិតត្បិតសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ក្នុងពេលប្រទេសជាតិត្រូវបានដាក់ ក្នុងភាពមានអាសន្នបែបនេះ ហើយប្រសិនបើមើលទៅលើការអនុវត្តន៍ច្បាប់របស់បណ្តាប្រទេសដទៃទៀតនោះ វិធានការណ៍របស់ប្រទេសកម្ពុជា គឺមានលក្ខណៈធូរស្រាលជាងគេឆ្ងាយណាស់ រហូតមានបណ្តាប្រទេសមួយចំនួនរិតត្បិតសិទ្ធិសេរីភាព ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងខ្លាំង ព្រមទាំងបានហាមឃាត់ប្រជាពលរដ្ឋខ្លួន មិនឱ្យចេញពីផ្ទះ ប្រសិនបើល្មើសនឹងបំរាមអាចទទួលរងទណ្ឌកម្មវាយនឹងរំពាត់ជាដើម។ល។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ដូច្នេះការដាក់ចេញវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅមានភាពធូរស្រាលជាងបណ្តាប្រទេសមួយចំនួន ដែលកំពុងអនុវត្តន៍វិធានការណ៍ក្នុងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងស្ថានភាពប្រទេសមានគ្រាអាសន្ន។
លោកបានថ្លែងថា បើទោះបីច្បាប់នេះចូលជាធរមានក៏ដោយ ប៉ុន្ដែមិនមែនមានន័យថា រាជរដ្ឋាភិបាលយកច្បាប់នេះមកប្រើនោះទេ ពោលប្រសិនបើស្ថានភាព ដូចពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលគ្មានការចាំបាច់ណាដើម្បីយកច្បាប់នេះមកប្រើប្រាស់នោះទេ។ ហើយច្បាប់នេះទៀតសោទ ក៏បានកំណត់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺធ្វើឡើងម្ដងរយៈពេល៣ខែម្តង ដោយមានសំណើពីឥស្សរជនកំពូលៗ៣រូប គឺប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ហើយនៅពេលបញ្ចប់វិញក៏ស្នើដោយឥស្សរជនកំពូលៗទាំង៣រូបដដែល៕