(កំពង់ធំ)៖ នៅរាត្រីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៦ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ សម័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ទិវាបុណ្យ៧មករា ឆ្នាំ ២០១៦ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ហើយនាឱកាសនោះមានលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជីវករ សិប្បករ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោក ឆាង កង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានធ្វើរបាយការណ៍បូកសរុបជូនដល់អង្គមហោស្រព ឆ្នាំនេះថាគណៈកម្មការមហោស្រពបានជ្រើសរើសយកប្រធានបទដែលនិពន្ធដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ការតស៊ូរំដោះប្រទេសជាតិ២ធ្នូ និងបទចម្រៀងមុនទស្សវត្សឆ្នាំ ៧០ក្នុងន័យថែរក្សានិងអភិរក្សចម្រៀងសម័យនិងចម្រៀងប្រពៃណីមហោរីស្ទើរតែបាត់បង់អស់ ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថាតាមរយៈមហាជ័យជំនះជាប្រវត្តិសាស្ត្រ៧ មករា ឆ្នាំ១៩៧៩ ព្រមជាមួយនិងការរស់ឡើងវិញរបស់មាតុភូមិកម្ពុជានិងប្រជាជនយើងវប្បធម៌សិល្បៈខ្មែរក៏បានរស់ឡើងវិញដែរ ហើយក៏មានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេល៣៧ឆ្នាំនេះ ។
វប្បធម៌សិល្បៈបានឆ្លុះបញ្ចាំងនូវតថភាពសង្គមគ្រប់ជំនាន់ មានចរិតអប់រំ ស្នេហាជាតិមមាតុភូមិការពារបូរណភាពទឹកដី សន្តិភាពនិងការអភិវឌ្ឍន៍ ។ លោកស្រីបានផ្តាំដល់បេក្ខជន បេក្ខនារីនិងប្រជាព់រដ្ឋទាំងអស់ ត្រូវខិតខំរៀនសូត្រហាត់ពត់លត់ដំបទពិសោធន៍ពីរៀមច្បងយើង ដែលមានទេពកោសល្យខ្ពស់ដើម្បីក្លាយខ្លួនជាសិល្បៈករ សិល្បៈការិនីសម្រាប់បន្តវេនទៅ ថ្ងៃអនាគត ។ ត្រូវខិតខំថែរក្សាប្រពៃណី ទំនៀមទំលាប់របស់ជាតិឲ្យបានគង់វង្សយូអង្វែងទៅមុខ ។ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ផ្តាច់ខ្លួនចេញឲ្យឆ្ងាយពីគ្រឿងញៀន ជម្ងឺអេដស៍និងអំពើអបាយមុខផ្សេងៗទៀតដែលផ្ទុយនិងច្បាប់រដ្ឋកុំទទួលយកដោយភ្លើតភ្លើននូវការជ្រៀតចូលរបស់វប្បធម៌បរទេសដែលមានលក្ខណៈអាសអាភាស ឃោឃៅ ពាលាអាវាសែតាមរយៈវីដេអូ ស៊ីឌី ដែលមានចរិតផ្ទុយស្រឡះពីទំនៀមទំលាប់របស់ជាតិយើង ៕