(ភ្នំពេញ)៖ ប្រាយបាញ់សម្លាប់មេរោគចំនួន ៧០០ដប, ជែលលាងដៃចំនួន ៧០០ដប, មី ១០០កេស និងទឹកសុទ្ធចំនួន ១០០កេស ជាអំណោយរបស់លោក ម៉ន សុខា ប្រធានក្រុមហ៊ុន យូធីជី យូត្រាស់ អ៊ិនវេសម៉ិន បានប្រគល់ជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ សំរាប់មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
លោក ម៉ន សុខា បានថ្លែងថា ដោយមើលឃើញពីតម្រូវការចាំបាច់នូវសំភាៈមួយចំនួន រួមចំណែកជួយដល់មន្រ្តីរាជការ, កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានលើការប្រយុទ្ធប្រឆាំង នឹងជម្ងឺ កូវីដ១៩ ដែលកំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋទូទាំងពិភពលោក ពិសេសសំរាប់ប្រទេសកម្ពុជាយើង ក្រុមហ៊ុន យូធីជី យូត្រាស់ អ៊ិនវេសម៉ិន បានសំរេចចែករំលែក សំភារៈទាំងនេះ ដល់សាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីបានប្រយោជន៍រួមគ្នា ក្នុងការទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ កុំឱ្យរីករាលដាលក្នុងមូលដ្ឋានយើងបន្តទៀត។
ដោយឡែក នៅព្រឹថ្ងៃដដែលនេះដែរ លោកឧកញ្ញា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី ក៍បាននាំយក ជែលលាងដៃចំនួន ៦០ធុង និង ៤០០ដប និងម៉ាស់ ចំនួន២០០០ម៉ាស់ ឧបត្តម្ភដល់សាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩នេះផងដែរ។
ក្នុងនាមគណៈអភិបាលខណ្ឌ លោក ហែម ដារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំង ២ក្រុមហ៊ុន ដែលបានចំណាយធនធានផ្ទាល់ខ្លួន រួមចំណែកក្នុងសកម្មភាពសង្គម ពិសេសការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩។
លោកអភិបាលខណ្ឌ បានថ្លែងថា អនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ បានរៀបចំទីតាំងចំនួន ២កន្លែង គឺនៅអនុវិទ្យាល័យគោកបញ្ជាន់ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន សំរាប់ទទួលពិនិត្យ និងផ្តល់កន្លែងស្នាក់នៅ ធ្វើចតាឡីស័ករយៈពេល១៤ថ្ងៃ សំរាប់ កម្មករ កម្មការិនី ដែលវិលត្រឡប់មកពីស្រុកកំណើត ឬអ្នកមកពីប្រទេសថៃ។
លោកថា សំរាប់រយៈ មួយសប្តាហ៍មកនេះ យើងទទួលបានកម្មករ-កម្មការីនី មកទទួលសេវា មានចំនួនច្រើន តែមិនទាន់រកឃើញមានអ្នកណាមួយ មានផ្ទុកមេរោគកូវីដ១៩ នៅឡើយទេ។ តែទោះបីយ៉ាងនេះក្តី តាមការណែនាំរបស់សាលារាជធានីភ្នំពេញ យើងនឹងបន្តឱ្យពួកគាត់ស្នាក់នៅឱ្យគ្រប់១៤ថ្ងៃ ទើប អនុញ្ញាតិឱ្យវិលទៅលំនៅដ្ឋានវិញ រួមជាមួយលិខិតបញ្ជាក់ពីគ្រូពេទ្យជំនាញផងដែរ៕