(ភ្នំពេញ)៖ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានចូលរួមបរិច្ចាគថវិកា ៣ពាន់ដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ស្របពេលដែលកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺនេះ។
ជាមួយគ្នានោះ លោក លី ប៊ុនឆៃ ក៏ទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ក្នុងលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក ដែលបានបរិច្ចាគ នូវជំនួយជាថវិកាចំនួន ៣,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល សម្រាប់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ដ៏កាចសាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ច ការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន ១១០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕