(ភ្នំពេញ)៖ លោក ខៀវ កញ្ញារីទ្ធ បានសរសេរបង្ហោះលើ Facebook របស់លោកពេលកំពុងធ្វើសន្និបាតគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះថា អាជ្ញាធរនៅតែតាមរកក្រុមអ្នកដុតរថយន្តមន្រ្តីកងរាជអាវុធហត្ថពេល នៅពេលបោះឆ្នោត ២០១៣ ដោយមិនលើកលែងនោះឡើយ។
សូមបញ្ជាក់ថា រថយន្តមន្រ្តីកងរាជអាវុធហត្ថចំនួនពីរគ្រឿង ត្រូវមនុស្សមួយក្រុមវាយបំផ្លាញ និង ដុតកម្ទេចចោល នៅល្ងាចថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅមុខវត្តស្ទឹងមានជ័យ។
ហិង្សារហូតឈានដល់ការវាយបំផ្លាញ និង ដុតកម្ទេចរថយន្តសមត្ថកិច្ចនេះ គឺផ្តើមចេញពីយុវជនមួយក្រុម ដែលគេដឹងថា ដឹកនាំដោយ កញ្ញា ធី សុវណ្ណថា យុវជនគាំទ្រគណបក្សសង្រ្គោះជាតិ បាននាំគ្នាតវ៉ាថា រកមិនឃើញឈ្មោះរបស់ពួកគេក្នុងបញ្ជីឈ្មោះបោះឆ្នោត និង ខ្លះទៀតអះអាងថា មានឈ្មោះជនជាតិវៀតណាម នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត៕