(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានបន្តទទួលថវិកា និងសម្ភារ ព្រមទាំងប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រ ដល់សកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (Covid-19) នៅក្នុងខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា រដ្ឋបាលខេត្តដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំងសម្រាប់ទុកប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយដែលទើបត្រឡប់មកពីក្រៅប្រទេស ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មានចំនួន២ទីតាំង ដែលក្នុងនោះមានសាលាបឋមសិក្សាដំរីស ឃុំកោះជុំ សាលាបឋមសិក្សាព្រះធាតុ ឃុំស្រែស្រុក ក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ លើ២បន្ទប់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ លើ៩បន្ទប់ ក្នុងនោះមានគ្រូពេទ្យជំនាញពិនិត្យសំណាក ចំនួន១៦នាក់ គ្រូពេទ្យពិនិត្យជំងឺទូទៅ ចំនួន៦៥នាក់ ឡានពេទ្យ ចំនួន៥គ្រឿង និងមានកន្លែងស្នាក់នៅ ទឹក ភ្លើង និងអាហារហូបចុកគ្រប់គ្រាន់។
លោក ម៉ៅ ធនិន បានបន្តថា ថវិកា និងសម្ភារទាំងអស់ រដ្ឋបាលខេត្តនឹងរៀបចំចាត់ចែង សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ និងជាពិសេសកូនក្មួយពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេស ធ្វើដំណើរចូលមកភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរ រៀបចំដាក់ឱ្យពួកគេរស់នៅដាច់ដោយឡែកពីគ្រួសារ ចំនួន១៤ថ្ងៃ ក្នុងការតាមដានស្ថានភាពជំងឺកូវីដ១៩។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយការចម្លងនៃមេរោគកូវីដ១៩ ទៅដល់អ្នកដទៃ និងសហគមន៍ ហើយក៏សូមជួយបន្តសហការ និងផ្សព្វផ្សាយបន្តទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានដឹងកាន់តែច្បាស់ពីការធ្វើអនាម័យ និងការពារពីជំងឺឆ្លងនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់ពុំទាន់មានករណីកូវីដនៅឡើយទេ។ ដោយឡែកនៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕