(សៀមរាប)៖ កុមារកំព្រាបច្ចុប្បន្ន គឺទទួលបានការថែទាំពីសំណាក់រាជរដ្ឋាភិបាល ដោយមានការផ្តល់ការ មើលថែទាំ អាហារហូបចុកប្រចាំថ្ងៃ ការស្នាក់នៅ ព្រមទាំងការអប់រំទាំងក្នុងមណ្ឌល និងសាលារៀនរដ្ឋ។
ការថ្លែងបែបនេះគឺបានធ្វើឡើងក្នុងឱកាសដែលលោក ឯម ច័ន្ទមករា និងបងស្រីជីដូនមួយដែលជាអាណិកជនមកពីសហរដ្ឋអាមេរិក បានរៀបចំអាហារសាមគ្គី និងបាននាំនូវអំណោយដ៏ថ្លៃថ្លារបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងអំណោយសប្បុរជនរស់នៅសហរដ្ឋអាមេរិក ដើម្បីចែកជូនដល់កុមារកំព្រា និងកុមារមកពីសហគមន៍ នៅមណ្ឌលកុមារកំព្រា ខេត្តសៀមរាប សរុបចំនួន ៨០នាក់។
លោក ឯម ច័ន្ទមករា បានថ្លែងថា សូមឪពុក-ម្តាយទាំងអស់ផ្តល់ភាពកក់ក្តៅ និងក្តីស្រលាញ់ចំពោះកូនៗរបស់ខ្លួន បើទោះបីខ្លួនមានបញ្ហាបែកបាក់គ្រួសារយ៉ាងណាក្តី ប៉ុន្តែមិនត្រូវអប់រំកូនឲ្យចេះស្អប់ឪពុក ឬម្តាយរបស់កុមារទេ ព្រោះអាចប៉ះពាល់ដល់ការ អភិវឌ្ឍរីកលូតលាស់ផ្នែកសតិបញ្ញារបស់កុមារ ម្យ៉ាងធ្វើឲ្យកុមារមានជំងឺឯកការបាត់ភាពកក់ក្តៅ ឯការសិក្សាក៏មិនសូវពូកែដូចកុមារដទៃ។
លោកស្រី ឆេង វណ្ណេ អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកបានថ្លែងថា នេះជាលើកទីមួយហើយ ដែលលោកស្រីបានមកឃើញទឹកដីដ៏អស្ចារ្យ និងអរិយ៍ធម៌ដ៏ល្អផូរផង់ នៃទឹកដីកំណើតរបស់ខ្លួន បន្ទាប់ពីក្រុមគ្រួសារទាំងអស់របស់លោកស្រីត្រូវបានរត់ពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងសម័យខ្មែរក្រហម កាលពី៣៧ឆ្នាំកន្លងទៅ។
លោកស្រីបានសម្តែងមោទនភាពថា លោកស្រីពិតជាមានមោទនភាពណាស់ដោយបានកើតជាកូនខ្មែរ និងពិតជាមានក្តីរំភើបរីករាយណាស់ ដោយបានមើលឃើញភាពរីកចម្រើនជឿនលឿនរបស់កម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ។
មូលហេតុដែលលោកស្រីសម្រេចចិត្តរៀបចំអាហារ សាមគ្គីជូនកុមារកំព្រានៅទីនោះដោយសារតែលោកស្រីយល់ឃើញថា លោកស្រីគឺជាកូនខ្មែរ ហើយមិនដឹងថា គួរមានអ្វីដើម្បីតបស្នងនិងជួយប្រទេសជាតិ ដូច្នេះហើយទើបលោកស្រីបានធ្វើការរៃអង្គាស៍ថវិកា ពីបងប្អូននិងមិត្តភ័ក្រ្តរបស់លោកស្រីដែលរស់នៅសហរដ្ឋអាមេរិក ដើម្បីយកមកជួយសម្រាលការលំបាកមួយគ្រា របស់ក្មួយៗកុមារកំព្រានៅក្នុងខេត្តសៀបរាបនេះ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានសម្តែងនូវទឹកចិត្ត សប្បាយរីករាយដោយបានឃើញអំពីភាព សាមគ្គីភាពជួយគ្នាទៅវិញទៅមករបស់បងប្អូន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណចំពោះលោកស្រី ឆេង វណ្ណេ ដែលបានរៃអង្គាស៍ថវិកាដើម្បីជួយដល់កុមារកំព្រានៅទីនោះ។ លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ឲ្យខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាមនុស្សកូនល្អ សិស្សល្អ និងមិត្តល្អដើម្បីស្នងប្រទេសជាតិនាពេលអនាគត។
លោក ឯម ច័ន្ទមករា បានថ្លែងថាកុមារកំព្រាសព្វថ្ងៃនេះ គឺមានសំណាងជាងកុមារក្នុងសម័យប៉ុល ពត ដែលកាលសម័យនោះ បើទោះបីខ្លួនជាកុមារក្តី ក៏ត្រូវបានគេបើឲ្យធ្វើការ ហើយមិនអាចទទួលបានគ្រប់គ្រាន់ដូចសម័យតេជោសែននេះទេ។ កាលសម័យនោះគឺ គ្មានសាលារៀន គ្មានមន្ទីពេទ្យ គ្មានវត្តអារាម ឬមណ្ឌលកុមារកំព្រាទេ គឺគ្រប់យ៉ាងត្រូវបានបំផ្លេចបំផ្លាញអស់គ្មានសល់។ ប៉ុន្តែសម័យបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន តែងយកចិត្តទុកដាក់និងគិតគូរអំពីសុខទុក្ខរបស់កុមារកំព្រា កុមារពិការគ្រប់ទីកន្លែង មិនថាទីក្រុង ទីជនបទ ឬទីដាច់ស្រយាលនោះទេ គឺទីណាមានទុក្ខលំបាក ទីនោះគឺមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន។
នៅក្នុងពិធីសំណេះសំណាលជាមួយកុមារកំព្រានោះ គឺមានការរៀបចំអាហារសាមគ្គី និងអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក និងអំណោយរបស់លោក វង សូត ចែកជូនដល់កុមារកំព្រា និងកុមាររស់នៅក្នុងសហគមន៍ដោយកុមារម្នាក់ៗទទួលបាន សំពាត (កាបូបស្ពាយ)០១ កន្សែងជូតខ្លួន១ សៀវភៅ៥ក្បាល ប៉ិច៣ដើម ខ្មៅដៃ១ដើម បន្ទាប់១ និងថវិកាចំនួន១០.០០០រៀល។ ដោយឡែកកុមារកំព្រាដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តសៀមរាបក៏ទទួលបានការឧបត្ថម្ភសំលៀកបំពាក់កីឡា ចំនួន២០កំប្លេរ ដែលកំពុងត្រូវការចាំបាច់៕