(ភ្នំពេញ)៖ អភិបាលបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទទួលអំណោយជាសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ពីក្រុងសៀងហៃ ប្រទេសចិន ខណៈដែលជំងឺនេះ បាននិងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជា ក៏កំពុងប្រឈមដែរនោះ។
ពិធីនេះ ត្រូវបានឡើងនារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ អំណោយជាសម្ភារបរិក្ខាររួមមាន ម៉ាស់ N95 ចំនួន ៣,០០០ម៉ាស់, ម៉ាស់វេជ្ជសាស្ត្រ ចំនួន២០,០០០ម៉ាស់ និងសម្លៀកបំពាក់ការពារមេរោគ ចំនួន៥០០ឈុត។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជា ពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថានៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺ COVID-19 ក៏ដោយប៉ុន្តែចិននៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកកម្ពុជាដែរ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ COVID-19 នេះ ដោយត្រូវការពារខ្លួនឲ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃជាប្រចាំ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម។
លោក វ៉ាង វិនធាន ក្នុងឱកាសនោះផងដែរ បានលើកឡើងថា ប្រទេសចិននឹងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសចិន គាំទ្រ និងជួយកម្ពុជាជានិច្ចការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខាជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឲ្យប្រទេសចិនជួយនោះ។
លោកបានបញ្ជាក់ថា នៅគ្រាដែលប្រទេសចិនកំពុងប្រយុទ្ឋប្រឆាំងជំងឺ គឺព្រះរាជាណាចក្រកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសចិន ដូច្នេះយើងពិតជាដឹងគុណដល់ប្រទេសកម្ពុជា។ ឥឡូវប្រទេសកម្ពុជាក៏កំពុងប្រយុទ្ធប្រឆាំង COVID-19 យើងផ្តល់ការគាំទ្រយ៉ាងអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រទសកម្ពុជា ក្នុងការប្រយុទ្ឋប្រឆាំង COVID-19 ដែលជាសត្រូវរបស់ពិភពលោកនេះ។
គួរបញ្ជាក់ផងដែរថា ទីក្រុងសៀងហៃ នៃប្រទេសចិន បានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ជាមួយរាជធានីភ្នំពេញជាយូរមកហើយ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៨ ដែលមកដល់ពេលនេះ មានអាយុកាលជាង១០ឆ្នាំហើយ៕