(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានទៅដល់ ក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីឱ្យស្ថាប័ននេះពិនិត្យមើលធម្មនុញ្ញភាព ហើយក្រុមប្រឹក្សាធម្មនុញ្ញនឹងមានកិច្ចប្រជុំមួយ ក្នុងពេលឆាប់ៗនេះ។ នេះបើតាម លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fesh News នៅថ្ងៃនេះ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានឆ្លងផុតព្រឹទ្ធសភាហើយ ក្រោមការអនុម័តគាំទ្រ ដោយសំឡេង៥៤ លើ៥៤ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ដើម្បីបើកផ្លូវឱ្យសេចក្តីព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពីពិនិត្យ និងឱ្យយោបល់គាំទ្រដោយ ព្រឹទ្ធសភាហើយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលធម្មនុញ្ញភាព មុននឹងដាក់ថ្វាយព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើប្រាស់។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិ ក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕